កូរ៉េខាងជើង ប្រារព្ធព្យុហយាត្រាយោធា ដោយមានបង្ហាញមីស៉ីលបាលិស្ទីគអន្តរទ្វីបស៊េរីថ្មី
(ព្យុងយ៉ាង)៖ នាថ្ងៃសៅរ៍ ទី១១ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំ លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការប្រារព្ធពិធីព្យុហយាត្រាធំមួយ ដែលមានបង្ហាញមីស៉ីលបាលិស្ទីគអន្តរទ្វីបថ្មី (ICBM) ចំពោះមុខវត្តមានចូលរួមពីសំណាក់ក្រុមឥស្សរជនអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ព្យុហយាត្រាយោធាខាងលើ ដែលបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃសុក្រ គឺប្រារព្ធឡើងសម្រាប់ឱកាសខួបទី៨០ នៃការបង្កើតគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង។ នាយករដ្ឋមន្រ្តីចិន លោក Li Qiang, ប្រតិភូមកពីប្រទេសរុស្ស៉ីដឹកនាំដោយអតីតប្រធានាធិបតី លោក Dmitry Medvedev និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក To Lam ស្ថិតក្នុងចំណោមឥស្សរជនបរទេសជាច្រើនរូបទៀត ដែលនៅទីក្រុងព្យុងយ៉ាង ដើម្បីចូលរួមព្រឹត្តិការណ៍អបអរខួបនេះ។
ក្នុងព្យុហយាត្រាយោធា កូរ៉េខាងជើង បានបង្ហាញមីស៉ីល ICBM ទំនើបបំផុតរបស់ខ្លួន ហៅថា Hwasong-20 ដែល KNCA ពិពណ៌នាថា ជាប្រព័ន្ធសព្វាវុធយុទ្ធសាស្រ្តខ្លាំងបំផុតរបស់ប្រទេស ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរមួយនេះ។
គួរបញ្ជាក់ថា ត្រកូលមីស៉ីល ICBM Hwasong បានផ្តល់ឱ្យកូរ៉េខាងជើង នូវសមត្ថភាពកំណត់គោលដៅ បានគ្រប់ទីតាំងក្នុងសហរដ្ឋអាមេរិក ប៉ុន្តែនៅមានសំណួរនៅឡើយ ជុំវិញសមត្ថភាពនៃប្រព័ន្ធនាំផ្លូវរបស់វា ដើម្បីឆ្ពោះទៅដល់គោលដៅ ហើយនិងសមត្ថភាពក្បាលគ្រាប់ដែលវាដឹកជញ្ជូន នៅពេលហោះធ្លាក់ចូលក្នុងបរិយាកាសផែនដីវិញ៕