បាល់ទឹកកម្ពុជាទទួលបានសិទ្ធិផលថ្មីមួយទៀត ក្រោយចាញ់សឹង្ហបុរីក្នុងជំនួបមិត្តភាពដកស្រងបច្ចេកទេស
(ភ្នំពេញ)៖ ក្រុមបាល់ទឹកកម្ពុជា ត្រូវបានអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹល លោក ហែម គិរី វាយតម្លៃថា ទទួលបានសិទ្ធិផលថ្មីមួយទៀត គឺការអភិវឌ្ឍសមត្ថភាពខ្លាំងជាងមុន ក្រោយចាញ់ប្រទេសសឹង្ហបុរី ក្នុងជំនួបមិត្តភាពដកស្រងបច្ចេកទេស ដោយលទ្ធផលបច្ចេកទេសប្រដមប្រសងគ្នា ខណៈក្រុមប្រទេសសឹង្ហបុរីជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការ ខាងលើ បានបញ្ជាក់ថា លទ្ធផលក្នុងជំនួបមិត្តភាព អាចសរបញ្ជាក់ឱ្យឃើញថា ក្រុមបាល់ទឹកកម្ពុជាមានការរីកចម្រើនខ្លាំងជាងមុន ដ្បិតការជួបគ្នាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រុមបាល់ទឹកកម្ពុជាចាញ់ក្រុមបាល់ទឹកប្រទេសសឹង្ហបុរីរហូតជាង៣០ពិន្ទុឯណោះ។
អគ្គលេខាធិការរូបនេះ ក៏បានពន្យល់ទៀតថា ការចាញ់ប្រដមប្រសងជាមួយប្រទេសខ្លាំងបែបនេះ បានសរបញ្ជាក់ឱ្យឃើញថា ការខិតខំហ្វឹកហាត់ជាប្រចាំរបស់ក្រុមបាល់ទឹកក្រោមការគាំទ្ររបស់ប្រធានសហព័ន្ធ ឯកឧកឧត្តម ស៊ុន ចាន់ថុល ទទួលបានផលផ្លែផ្កា មានក្តីសង្ឈឹមក្នុងការប្រជែងយកលទ្ធផលល្អជូនកម្ពុជាពីការប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខ។ទន្ទឹមជាមួយនេះ សហព័ន្ធខ្មែរកីឡាហែលទឹក គ្រោងបង្កើតជើងឯកថ្នាក់ជាតិមួយក្នុងឆ្នាំ២០២៥ ដោយតម្រូវឱ្យក្លឹបចង់ចូលរួមប្រកួតចម្រាញ់តាមក្លឹប បន្ទាប់មកសហព័ន្ធចម្រាញ់យក៤ក្រុមមកប្រកួតក្នុងជើងឯកថ្នាក់ជាតិ ដើម្បីស្វែងរកក្រុមបាល់ទឹកល្អៗយកមកដុសខាតសមត្ថភាពត្រៀមការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស។
ជាមួយគ្នានេះ លោក អគ្គលេខាធិការ ក៏បានបង្ហើបអំពីគម្រោងមួយមួយចំនួនក្នុងការបន្ថែមបទពិសោធជូនកីឡាករបាល់ទឹកកម្ពុជា តាមរយៈដឹកនាំក្រុមចេញទៅប្រទេសលក្ខណៈមិត្តភាពជាមួយក្រុមបាល់ទឹកក្នុងតំបន់អាស៊ាន ដូចជា ប្រទេសថៃ និងម៉ាឡេស៊ីក្នុងឆ្នាំ២០២៥នេះផងដែរ ។
លោក បន្ថែមទៀត តាមរយៈការខិតខំប្រឹងប្រែង ក្រោមការគាំទ្រយ៉ាងពេញទំហឹង ពីប្រធានសហព័ន្ធខ្មែរកីឡាហែល ក្រុមបាល់ទឹកកម្ពុជា ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសថៃ នឹងអាចស្វែងរកលទ្ធផល្អជូនកម្ពុជា ដូចជាវិញ្ញាសាហែលទឹកពាក់ជើងទាដែរ ចូលមកក្រោយគេតែទទួលបានលទ្ធផលល្អក្នុងការប្រកួតអន្តរជាតិ។
គួរឱ្យដឹងដែរថា ប្រទេសក្នុងតំបន់អាស៊ាន ប្រទេសដែលមានក្រុមបាល់ទឹកទើបតែមាន៦ប្រទេសប៉ុណ្ណោះ ក្នុងនោះមាន ប្រទេសសឹង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្តូនេស៊ី ហ្វីលីពីន និងកម្ពុជា ៕
៧២៦