ឆ្នាំនេះ គ ជ ប ដាក់ផែនការធ្វើជីវមាត្របញ្ជីឈ្មោះបោះឆ្នោតឱ្យបានយ៉ាងតិច ១លាននាក់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបង្ហាញតួលេខសម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី ១០ឆ្នាំឡើងទៅ ដែលត្រូវធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្រទៅលើរូបថតថ្មី និងខ្ចៅដៃថ្មី មានចំនួនជាង ៦លាននាក់ ។

សម្រាប់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅឆ្នាំដំបូងនេះ ប្រសិនបើប្រជាពលរដ្ឋទៅធ្វើជីវមាត្របានយ៉ាងតិច ១លាននាក់ គឺជាការប្រសើរ ខណៈនៅឆ្នាំក្រោយនឹងត្រូវជំរុញធ្វើឱ្យបានទាំងអស់ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៨ មកដល់ ។

ប្រសាសន៍ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះត្រួតពិនិត្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា តាមផែនការ យើងគិតថា ក្នុងឆ្នាំនេះយ៉ាងតិចឱ្យបាន ១លាននាក់ ព្រោះយើងត្រូវធ្វើជាង ៦លាននាក់។ ដូច្នេះបើឆ្នាំហ្នឹងយើងធ្វើបាន១លាននាក់ ឆ្នាំក្រោយយើងមានរយៈពេលវែង យើងសម្រុកធ្វើឱ្យបានទាំងអស់»។

ឯកឧត្តម បានបន្តថា ការធ្វើបច្ចុប្បន្នភាពលើលើរូបថត និងខ្ចៅដៃសម្រាប់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងដើម្បីធានាដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។

ឯកឧត្តម បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅធ្វើទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មីឲ្យបានគ្រប់ៗគ្នា។ ចំណែកប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះមកពីមុន និងអ្នកទើបនឹងគ្រប់អាយុ១៨ឆ្នាំឡើងទៅ ឬអ្នកមានឈ្មោះក្នុងបញ្ជីហើយ ចង់សុំកែតម្រូវទិន្នន័យក្នុងករណីមានកំហុសឆ្គង ឬផ្លាស់ប្តូរទីលំនៅ ក៏ត្រូវរួសរាន់ដូចគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ ចាប់ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា។ ឯកឧត្តម ប្រធាន គ.ជ.ប បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានប៉ាន់ស្មានត្រូវចុះឈ្មោះថ្មីជាមានង២២ម៉ឺននាក់។

យោងតាមលទ្ធផលបណ្តោះអាសន្នគិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ របស់ គ.ជ.ប បានបង្ហាញថា អ្នកដែលបានទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររួចរាល់មានចំនួន ៨៦.៣១៤នាក់, ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១៤.៤៩២នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលថ្មីក្នុងឃុំ-សង្កាត់ មានចំនួន៥.១០៦នាក់, អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន៥២.៧២១នាក់, និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ១២.៣០៨នាក់៕

អត្ថបទដែលជាប់ទាក់ទង