សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការសាងសង់អាងចម្រោះទឹកកខ្វក់ ជាការគិតគូរពីផលប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋ

(កណ្ដាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសាងសង់អាងចម្រោះទឹកកខ្វក់ទេ ជាការគិតគូរដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែល ជាកិច្ចការចម្បងរបស់រាជរដ្ឋាភិបាល ។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលសមិទ្ធផលនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ។

ក្នុងឱកាសនេះ សម្ដេចធិបតី បានបញ្ជាក់ងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និងបរិស្ថាន, តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិស្ថាន, សំដៅចូលរួមលើកកម្ពស់ សុខភាព និងសុខុមាលភាព របស់ប្រជាជន ជាពិសេសអ្នករស់នៅក្នុង និងជុំវិញក្រុងតាខ្មៅ។ ប្រជាពលរដ្ឋមានសុខភាពល្អជាលាភ ជាទ្រព្យ តែពលរដ្ឋមានសុខភាពមិនល្អ គឺជាបន្ទុករបស់ក្រុមគ្រួសារ និងរដ្ឋាភិបាល ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ ។

សម្ដេច ថា៖ ដីដែលយើងអង្គុយបច្ចុប្បន្ននេះ ជាដីវាលមួយដែលសូវមានតម្លៃប៉ុន្មានទេ អាចគិតជាការ៉េបាន ប៉ុន្តែជាតម្លៃសេដ្ឋកិច្ច នៃតម្លៃផលប្រយោជន៍សង្គមអត់សូវមានទេ ។ ប៉ុន្តែក្រោយពីយើងបើកការរដ្ឋាននេះ នៅក្នុង៣៦ខែ ដីនេះ នឹងក្លាយទៅជាកន្លែងចម្រោះទឹកមួយ ដែលជួយទៅដល់ ១ម៉ឺនខ្នងផ្ទះ ១ម៉ឺនខ្នងផ្ទះនេះ តើសុខភាពរបស់ប្រជាពលរដ្ឋរាប់សែននាក់ បច្ចុប្បន្ន ១ម៉ឺនខ្នងផ្ទះ នៅក្នុង ១០ឆ្នាំ អាចឡើងដល់១៥០០០ ក្នុង ២០ឆ្នាំអាចឡើងដល់ ២ម៉ឺនផ្ទះ ដែលទីកន្លែងនេះ កន្លែងប្រព្រឹត្តកម្មទឹកកខ្វក់ នេះ ជួយទៅដល់សុខភាពរបស់ប្រជាពលរដ្ឋ រាប់សែននាក់នៅពេលអនាគត ។ នេះគឺជាការប្រែប្រួលពីកន្លែងមួយដែលអត់មានគុណតម្លៃ ។ តម្លៃប៉ុន្មានមិនមែនសូន្យទេ គឺមាន បើលក់បានថ្លៃដែរ ប៉ុន្តែ ខ្ញុំមិនដឹងប៉ុន្មាន តែបើសិនជាយើងធ្វើកន្លែងនេះ ទៅជាកន្លែងដែលបានផលប្រយោជន៍ ទៅទ្រទ្រង់នូវសុខមាលភាពរបស់ប្រជាពលរដ្ឋនេះ តម្លៃមហាសាល ព្រោះជួយសុខភាព ជួយលើកកម្ពស់តម្លៃជុំវិញហ្នឹង បើសិនជាកន្លែងនេះ ប្រព័ន្ធទឹក ប្រព័ន្ធលូ ប្រព័ន្ធទឹកកខ្វក់ នៅក្រុងតាខ្មៅនេះ កាន់តែរីក អញ្ចឹងក្រុងតាខ្មៅ កាន់តែត្រូវប៉ាន់ដូចគ្នា ប្រជាពលរដ្ឋក៏ចង់រស់នៅទីនេះបានច្រើនព្រោះអត់លំបាក ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះគឺជាការអភិវឌ្ឍប្រទេសដែលដើរពីមួយជំហានទៅមួយជំហាន ដើរទៅលើអ្វីដែលមានចីរភាព ដើរទៅលើអ្វីដែលមានការគិតគូរច្បាស់លាស់ ហើយដើរទៅលើអ្វីដែលមានទិសដៅក្នុងការចែករំលែកផលប្រយោជន៍ទៅប្រជាពលរដ្ឋ ។ អញ្ចឹងការប្រែក្លាយដី កន្លែងនេះទៅជាកន្លែងប្រព្រឹត្តកម្មទឹកស្អាត ការវិនិយោគ ៩០លានដុល្លារ ការវិនិយោគដែលរួមមានប្រព័ន្ធលូ ដែលមាន ១២៥គីឡូម៉ែត្រ បូកជាមួយស្ថានីយបូមទឹកដែលមាន៧កន្លែង ដើម្បីចម្រោះហើយបានបង្ហូរចេញ។ បើសិនជាកន្លែងនីមួយៗមិនមានធ្វើបែបនេះទេ បរិស្ថានជុំវិញនឹងត្រូវបំផ្លាញ ហើយតម្លៃនៃការខាតបង់បរិស្ថាននោះក៏ធំដែរ បន្ថែមទៅលើសុខភាពប្រជាពលរដ្ឋ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ភាគីក្រុមហ៊ុន ទទួលបន្ទុកសាងសង់, និងក្រុមហ៊ុន ទទួលបន្ទុកត្រួតពិនិត្យបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ និងការត្រួតពិនិត្យបច្ចេកទេសឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស និងប្រកបដោយគុណភាព ហើយក៏ស្នើសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់នេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង