សំណង់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនៅខេត្តបាត់ដំបងដែលអាចស្តុកទឹកបានជាង១៦៣លានម៉ែត្រគូប សម្រេចបានប្រមាណ ៩៧ភាគរយ

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអម​ដំណើរដោយឯកឧត្តម ជាថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥​នេះ​​បានអញ្ជើញចុះពិនិត្យ​ជាក់ស្តែង​វឌ្ឍនភាពគម្រោងអភិវឌ្ឍន៍​ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួល​ហិរញ្ញប្បទាន​សម្បទានពី​សាធារណរដ្ឋកូរ៉េ។

សូមជម្រាបជូនថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីប្រើរយៈពេលសាងសង់ ៩០ខែ ដោយចាប់ផ្ដើមក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១.សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ, ទី២.សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ ,ទី៣.រូងទូនេលពង្វាង​ទឹករាងជាក្រចកជើងសេះប្រវែង ៤៦២​ម៉ែត្រ ,ទី៤.សំណង់គ្រប់គ្រងទឹកជា​ប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពាន​សម្រាប់​ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ,ទី៥.ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦.សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍​ទំនប់ដូនទ្រី ប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការ​សាងសង់ ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។ គម្រោងនេះមាន​សក្តានុ​ពលស្ដុកទឹកបានប្រមាណ ១៦៣,១លានម៉ែត្រគូប មានលទ្ធភាពផ្គត់​ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ ៣៣ ០០០ហិកតានៅរដូវវស្សា និងប្រមាណ ៤ ៥០០ហិកតានៅរដូវប្រាំង គ្របដណ្តប់លើឃុំចំនួន ១១នៃ​ស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយ​ទឹកជំនន់តាមតំបន់​មួយចំនួននៅផ្នែកខាងក្រោម។

ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ជាពិសេសកិច្ចខិតខំប្រឹង​ប្រែងរបស់ក្រុមការងារអនុវត្តគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធធ្វើឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការគ្រោងទុក។

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍​ទំនប់​សាលាតាអន ស្ថិតក្នុងស្រុកសង្កែ និង​ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទាន​ពីសាធារណរដ្ឋកូរ៉េ។ គម្រោងនេះបានចាប់ផ្តើមសាងសង់​នៅឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែល​ជាដំណាក់កាលទី៣ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់​ពីនៅផ្នែកខាងលើ​មាន​អាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេ​សាប។​គម្រោង​នេះ​មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១០ ៤០០ហិកតា និងស្រូវប្រាំងចំនួន ៤ ៧០០ហិកតា៕

អត្ថបទដែលជាប់ទាក់ទង