រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរខេត្ត និងមូលដ្ឋានត្រូវចូលរួមផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺមិនឆ្លង ពីព្រោះបច្ចុប្បន្នអត្រាជំងឺមិនឆ្លងបានកើតឡើងច្រើននៅកម្ពុជា

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវដល់សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមផ្សព្វផ្សាយពីការទប់ស្កាត់ ជំងឺមិនឆ្លង ពីព្រោះបច្ចុប្បន្ននេះកើតឡើងច្រើន និងអត្រាស្លាប់នៃជំងឺមិនឆ្លងនេះដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺសរសៃឈាម និងជំងឺបេះដូង តាមរយៈការគិតគូររបបអាហារហូបចុកប្រចាំថ្ងៃ ត្រូវពិសា តិចអំបិល តិចស្ករ និងតិចខ្លាញ់។

ការអំពាវនាវបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពអបអរខួបលើកទី១៦២ (៨ ឧសភា ២០២៥) ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កត្តាដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជា កើតជំងឺមិនឆ្លងច្រើនដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនសូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ ភ្ជាប់ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បាណែនាំដល់ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយពីបញ្ហាសុខភាពបន្តពូជ ពន្យល់ណែនាំកុំឱ្យមានការរំលូតកូនដោយខុសបច្ចេកទេសជាដើម។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី រដ្ឋមន្ត្រី បានបន្ថែមថា ជំងឺមិនឆ្លង កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងរបបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ ជាងនេះទៅទៀតឥរិយាបថដែលគ្មានសុខុមាលភាព ចូលរួមចំណែកធ្វើឱ្យមានកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ រួមមានការឡើងសម្ពាធឈាម ការកើនឡើងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម ការលើសទម្ងន់ ភាពធាត់ និងការប្រែប្រួលប្រជាសាស្ត្រក៏ជាកត្តាចូលរួមចំណែកឱ្យកើតមានជំងឺមិនឆ្លង។

លោករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាននូវសមិទ្ធផលជាច្រើនដោយបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានភាពល្អប្រសើរឡើង។

យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅកម្ពុជា ជំងឺមិនឆ្លងមានលើស ៦០% នៃចំនួនអត្រាមរណៈភាពសរុប ក្នុងនោះជំងឺសរសៃឈាមបេះដូង គឺជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាព។

ជំងឺមិនឆ្លង ជាជំងឺដែលវិវឌ្ឍខ្លួនយ៉ាងស្ងាត់នៅក្នុងខ្លួនប្រាណយើង ដោយមិនបង្ហាញរោគសញ្ញាអ្វីដែលគួរកក់សម្គាល់បានលឿននោះទេ ដូច្នេះបើចាំរហូតទាល់តែលេចឡើងនូវសញ្ញាហើយនោះ វាអាចនឹងហួសពេល និងព្យាបាលមិនជា ជាក់ស្តែងដូចជំងឺមហារីកជាដើម ដូច្នេះហើយទើបទាមទារឱ្យប្រជាពលរដ្ឋយើង គួរតែទៅឆែកសុខភាពជាប្រចាំ ព្រោះថាជំងឺមិនឆ្លងនេះ អាចបង្ការបាន។

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ បានគូសបញ្ជាក់ថា សុខុមាលភាព និងជីវិតរបស់ប្រជាពលរដ្ឋ នៅតែជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល។ បេឡាជាតិសន្តិសុខសង្គម ត្រូវពង្រឹងកិច្ចសហការ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយពីគុណតម្ល នៃបណ្ណ ប.ស.ស. និងត្រូវធានាប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងសុក្រឹតភាព នៃកិច្ចប្រតិបត្តិការការងារ ដើម្បីរួមគ្នាជំរុញ ការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. ឱ្យបានទាន់ពេល និងប្រកបដោយគុណភាព។

រាជរដ្ឋាភិបាលកម្ពុជាប្រកាសបញ្ជាក់ប្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់សារជាថ្មីថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ប្តេជ្ញាបន្តកំណត់យកការលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ, ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយ ភាពក្រីក្រ ជាការងារអាទិភាពចំពោះមុខ ក្នុងស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយសម្តេចនៅតែបន្តប្តូរផ្តាច់ដឹកនាំ នាវាគាំពារសង្គមកម្ពុជា ធ្វើដំណើរទៅមុខយ៉ាង ស្វាហាប់ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

រាជរដ្ឋាភិបាល បានរៀបចំ និងដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលមានចក្ខុវិស័យ រយៈពេលវែង ក្នុងការផ្ដល់ការគាំពារដល់ពលរដ្ឋគ្រប់រូប ទល់នឹងអសន្តិសុខ ប្រាក់ចំណូល ក្នុងពេលប្រឈមនឹងហានិភ័យនានា ក្នុងដំណាក់កាលនីមួយៗនៃវដ្ដជីវិត សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាព, កាត់បន្ថយភាពក្រីក្រ, វិសមភាពយេនឌ័រ និងវិសមភាពសង្គម ព្រមទាំងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង