ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជំរុញមន្ត្រីរាជការត្រូវបង្កើនសមត្ថភាព និងអនុវត្តភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវ

(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានជំរុញមន្ត្រីរាជការទាំងអស់ត្រូវបង្កើនសមត្ថភាព និងអនុវត្តភារកិច្ចរបស់ខ្លួនដោយទទួលខុសត្រូវ។ លោកលើកឡើងប​ែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធី ប្រកាសចូលកាន់តំណែងជាអភិបាលរងស្រុក និងនាយករដ្ឋបាល នៃរដ្ឋបាលស្រុកស្ទោង នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

លោកបានបន្តថា កត្តាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង គឺជាភាពចាំបាច់មួយទៀត ដែលជួយឲ្យមន្ត្រីរាជការ និងស្ថាប័នអង្គភាពនានា ជាពិសេសរដ្ឋបាលស្រុកស្ទោង រួបរួមសហការគ្នាបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តតួនាទីភារកិច្ច ជាមន្ត្រីរាជការ ប្រកបដោយគុណភាពប្រសិទ្ធភាពខ្ពស់ នៅចំពោះមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ។

លោក ព្រឹម រដ្ឋា បានបញ្ជាក់ថា ភាពស្មោះត្រង់ ម្ចាស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង និងអនុវត្តប្រកបដោយតម្លាភាពហើយប្រាសចាកជៀសឲ្យផុតពី ការកេងប្រវ័ញ្ចអំពើពុករលួយ ដែលនាំឲ្យអាប់ឱនដល់បុគ្គលខ្លួនឯង អង្គភាពស្ថាប័ន និងរាជរដ្ឋាភិបាល ហើយនាំឲ្យប្រឈមនឹងទោសទណ្ឌច្បាប់ប្រឆាំងអំពើពុករលួយជាធរមានផងដែរ។

អភិបាលរងស្រុកស្ទោង ដែលទើប្រកាសចូលកាន់តំណែង លោក កែវ សុភ័ក្រ្ត បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងនាមជាអភិបាលរង នៅចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរាជរដ្ឋាភិបាលទាំងមូល ប្រកបដោយស្មារតីទទួលខុសត្រូវសាមគ្គីភាពផ្ទៃក្នុង និងជួយឲ្យអង្គភាពមានការរីកចម្រើនជាលំដាប់។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសនេះក្រៅពីលោក កែវ សុភ័ក្រ្ត ដែលត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុក ក៏មានការប្រកាសលោក ហូ ហុង ជានាយករដ្ឋបាល នៃរដ្ឋបាលស្រុកស្ទោង ខេត្តកំពង់ធំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង