វិស័យឯកជនត្រូវបង្កើនសមត្ថភាពបុគ្គលិករបស់ខ្លួនតាមរយៈកម្មវិធីបណ្តុះបណ្តាល ១លាន ៥សែននាក់
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន៥សែន ដែលជាកម្មវិធីអាទិភាពមួយធ្វើការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ទៅដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ ក៏ដូចជាបងប្អូនកម្មករនិយោជិក នៅតាមបណ្តារោងចក្រសហគ្រាស ដើម្បីធ្វើការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យមានជំនាញ។ ជាមួយគ្នានេះ វិស័យឯកជនក៏ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ ច្បាមឱ្យជាប់ឱកាសនេះ នៅក្នុងការជំរុញបង្កើនផលិតភាព ប្រសិទ្ធលទ្ធភាពបុគ្គលិករបស់ខ្លួន។
នេះគឺជាការលើកឡើង របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីប្រារព្ធខួប២០ឆាំ្ននៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងពិព័រណ៍ការងារលើកទី៤ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីតាំងវិទ្យាស្ថានផ្ទាល់ក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម រដ្ឋមន្រ្តី គូសបញ្ជាក់ថា«វិស័យឯកជនត្រូវច្បាមយកឱកាស ដែលរាជរដ្ឋាភិបាលបានកម្ពុជាផ្តលនូវការបណ្តូះបណ្តាលដោយមិនគិតថ្លៃនេះ ដើម្បីជំរុញបុគ្គលិក កម្មកររបស់ខ្លួនមកធ្វើការរៀនឡើងវិញនូវជំនាញ ដើម្បីឱ្យចាំបាច់ដើម្បីឱ្យស្របទៅនិងខ្សែសង្វាក់ផលិតកម្ម ឬមួយឱកាសការងារនៅក្នុងគ្រឹះស្ថានរបស់ខ្លួនដោយមិនអស់ថ្លៃ ជាមួយនិងឱកាសដើម្បីជម្រុញនូវផលិតភាព ប្រសិទ្ធភាព ដែលធ្វើឱ្យរោងចក្រ សហគ្រាស របស់ខ្លួនកាន់តែអាច ប្រគួតប្រជែងជាមួយសហគ្រាសផ្សេងទៀតមកពីក្រៅប្រទេសផងដែរ»។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការងារបន្ថែមថា ការដែលយកឱកា១លាន៥សែន គឺជាការជួយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅពេលដែលលទ្ធភាព ផលិតភាព ក៏ដូចជាសមត្ថភាពរបស់កម្មករនិយោជិក មានការកើនឡើង នោះនិងជួយកាត់បន្ថយថ្លៃដើមខ្សែសង្វាក់ផលិតកម្ម កាត់បន្ថយកំលាំងពលកម្ម និងពេលវេលាមួយចំនួន ហើយប្រើប្រាស់កំលាំងពលកម្មដែលនៅសល់នេះទៅបម្រើខ្សែសង្វាក់ផលិតកម្មថ្មីៗបន្ថែមទៀត ដែលនិងទទួលបានផ្លែផ្កាទាំងសំរាប់ក្រុមហ៊ុន ក៏ដូចជាសំរាប់ជាតិផងដែរ។
លោកជំទាវឧញ៉ា កែវ មុំ ជានាយិកាក្រុមហ៊ុននុំស្រួយលីលី ដែលបានបោះទុនវិនិយោគនៅកម្ពុជាអស់រយៈពេល២៣មកហើយនោះ បានមើលឃើញថា ទឹសដៅដាក់ចេញដោយរាជរដ្ឋាភិបាលគឺល្អ ។លោកជំទាវបន្ថែមថា នៅពេលក្រុមហ៊ុនមួយប្រើបុគ្គលិកដែលមិនមានជំនាញ ត្រូវធ្វើការបណ្តុះបណ្តាលខ្លួនឯង ការបំពេញរបស់បុគ្គលិកឃើញថាមានការខូចខាតច្រើន ផលិតភាពទាប ថ្លៃដើមខ្ពស់ពីបាកនៅក្នុងការប្រគួតប្រជែង ទៅលើទីផ្សារ ជាពិសេសគឺការគ្រប់គ្រងគុណភាព និងថ្លៃដើម។ លោកជំទាវ បន្ថែមថា អ្នកវិនិយោគដែលចង់មកវិនិយោគនៅកម្ពុជា គឺបានផ្តោតជាសំខាន់ទៅលើធនធានមនុស្ស និងអ្នកដែលមានចំណេះជំនាញ នៅក្នុងខ្សែសង្វាក់ផលិតកម្ម ដែលនិងធ្វើឱ្យខ្សែសង្វាក់ផលិតកម្ម មានគុណភាពមានប្រសិទ្ធភាព ធ្វើឱ្យក្រុមហ៊ុនចំណេញច្រើន អាចប្រគួតប្រជែងទីផ្សារបាន។
លោកស្រី កែវ សុវណ្ណរី ជាម្ចាស់សិប្បកម្ម កសិផលរីករាយ និងជាអតីតសិស្សដែលបានបញ្ចប់ការសិក្សាវគ្គទី១ សិក្សាទៅលើជំនាញកែច្នៃបន្លែផ្លែឈើ បានមើលឃើញថា វគ្គបណ្តុះបណ្តាលនេះគឺសំខាន់ណាស់នៅក្នុងការផ្តល់ជំនាញ បច្ចេកទេស និងការកែច្នៃម្ហូបអាហារផ្សេងៗ ដើម្បីឱ្យការងារទាំងអស់នេះប្រកបទៅដោយនិរន្តរភាព ។ លោស្រីបន្ថែមថា បន្ទាប់ពីបានចូលរៀនចំណេះជំនាញដោយផ្ទាល់ ធ្វើឱ្យលោកស្រីអាចប្រែក្លាយខ្លួនពីអ្នកលក់ធម្មតា មកជាម្ចាស់សិប្បកម្មកែច្នៃបន្លែផ្លែបាន ខណៈពីដែលពីមុនមកលោកស្រីត្រឹមតែជាអ្នកលក់ផលិតផលក្នុងស្រុកនោះធម្មតាប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ លោកជំទាវឧញ៉ា កែវ មុំ និងលោកស្រី កែវ សុវណ្ណរី ចង់ឱ្យយុវជន និងប្រជាជនគ្រប់រូបចូលរួមរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ដើម្បីជាទុនទៅធ្វើការរកស៊ី ដើម្បីចិញ្ចឹមជីវិតផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ លើវិស័យចំនួន១០ និងជំនាញអាទិភាពចំនួន ៤៥មុខជំនាញ ដើម្បីឱ្យប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអាចប្រកបមុខរបរការងារ សម្រាប់ចិញ្ចឹមជីវិត ព្រមទាំងអាចរកចំណូលប្រចាំថ្ងៃបានបន្ថែមទៀត៕