មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរលោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងទៅកាន់ប្រទេសក្នុងទ្វីបអឺរ៉ុប និង ពិភពលោក កៀរគរថវិកាសប្បុរសធម៌ជូន មូលនិធិគន្ធបុប្ផាកម្ពុជា
(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងទៅកាន់ប្រទេសនានាក្នុងទ្វីបអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការកៀរគរថវិកាសប្បុរសធម៌ជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
ការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលផ្ទាល់ខ្លួនរបស់ លោក ក្នុងរយៈពេល ១១ ខែ កន្លងមកនេះ ជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់ទារក និងកុមារទាំងអស់នៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ បេសកកម្មដ៏មានតម្លៃនេះពិតជាបានចូលរួមផ្សព្វផ្សាយ និងបានធ្វើឱ្យប្រទេសនានាក្នុងពិភពលោកបានស្គាល់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្បាស់ក្នុងសម័យសន្តិភាព។ បន្ថែមលើនេះ, លោក ក៏បានទាក់ទាញនូវចំណាប់អារម្មណ៍ និងការចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិជាតិ និងផ្លូវការតែមួយគត់ បង្កើតឡើងដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។
ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមគាំទ្រចំពោះការបន្ត និងពង្រីកបេសកកម្មរបស់ លោក ក្នុងការជិះកង់ផ្សងព្រេងតែម្នាក់ឯង ទៅកាន់ប្រទេសនានាក្នុងទ្វីបអាហ្រ្វិកបន្តទៀត៕