មន្ត្រីធនាគារជាតិ៖ ប្រាក់រៀលទទួលបានការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
(ក្រចេះ)៖ ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខណៈប្រជាជនខេត្តក្រចេះ ចំណាយប្រចាំថ្ងៃប្រមាណ ៩៥% ត្រូវបានធ្វើឡើងជាប្រាក់រៀល ។ នេះបើតាមលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា ដោយសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលលើកឡើងដោយ ឯកឧត្តម យឹម លាភ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចយ្យអរ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរង តំណាងអភិបាលខេត្តក្រចេះ មន្ត្រីអាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនទៀត ។
លោក ទុយ ប៊ុនសេរីរ័ត្នមុនី បានឱ្យដឹងថា ជីវភាពប្រជាពលរដ្ឋក្នុងខេត្តបច្ចុប្បន្ន មានភាពប្រសើរឡើងជាលំដាប់ ដោយមានការដាក់ចេញគោលនយោបាយ និងវិធានការអន្តរាគមន៍ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល និងការរួមចំណែកមួយចំនួនពីវិស័យឯកជន តាមរយៈការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋក្នុងការទប់លំនឹង និងពង្រីកអាជីវកម្ម ផងដែរ។ បច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តមានចំនួន សរុប ៤៨ ដែលបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់ សេវាហិរញ្ញវត្ថុនានាជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាស ។ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិជារួម អាចប្រព្រឹត្តទៅបានប្រកបដោយវឌ្ឍនភាព និងចីរភាព ទាមទារឱ្យមាននូវវត្តមានរូបិយវត្ថុជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ សម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក ។ ដូច្នេះ ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ គឺ ជាការចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ថែរក្សាអត្តសញ្ញាណជាតិ ដែលពង្រឹងស្មារតីបង្រួប បង្រួមជាតិក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិតែមួយ ។
ឯកឧត្តម យឹម លាភ បានលើកឡើងពីប្រវត្តិ ប្រាក់រៀល និងវឌ្ឍនភាពនៃការជំរុញការប្រើប្រាស់ប្រាក់រៀល និងប្រព័ន្ធទូទាត់នៅកម្ពុជា បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង នៅខែវិច្ឆិកា ឆ្នាំ១៩៥៣ ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងជាលើកដំបូងនៅខែធ្នូ ឆ្នាំ១៩៥៤ ហើយនៅខែកញ្ញា ឆ្នាំ១៩៥៥ ប្រាក់រៀល ត្រូវបានបោះផ្សាយ និងដាក់ឱ្យចរាចរប្រើប្រាស់ជាទូទៅក្នុងប្រទេស នាសម័យសង្គមរាស្ត្រនិយម ។ ប៉ុន្តែជាអកុសល ប្រទេសកម្ពុជា បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីដើម ឆ្នាំ១៩៧០ ដែលបានបណ្តាលឱ្យជំនឿទុកចិត្តលើប្រាក់រៀលចាប់ផ្តើមសាបរលាប ជាបណ្តើរៗ។ លើសពីនេះ នៅចន្លោះឆ្នាំ១៩៧៥ និង១៩៧៩ របបប្រល័យពូជសាសន៍ ប៉ុល ពត បានលុបបំបាត់ចរាចរណ៍ប្រាក់រៀល ព្រមទាំងបំផ្លាញរាល់សមិទ្ធផល សេដ្ឋកិច្ចនិងសង្គមជាតិទាំងអស់ ធ្វើឱ្យជំនឿទុកចិត្តលើប្រាក់រៀលត្រូវបាត់បង់ទាំងស្រុង ។
ឯកឧត្តម បន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងកសាងសេដ្ឋកិច្ច និងសង្គមឡើងវិញពីបាតដៃទទេ ហើយប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីសម្រួលដល់ប្រតិបត្តិការដោះដូរទំនិញ និងសេវានៅក្នុងសេដ្ឋកិច្ច និងទទួលបានការសាទរជាខ្លាំងពីប្រជាពលរដ្ឋគ្រប់រូប។ ទោះយ៉ាងណា ភាពទន់ខ្សោយនៃសេដ្ឋកិច្ចជាតិក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងការអូស បន្លាយនៃសង្គ្រាមស៊ីវិល បានធ្វើឱ្យជំនឿទុកចិត្តលើប្រាក់រៀលមានភាពផុយស្រួយជាខ្លាំង។
ឯកឧត្តមទេសាភិបាលរងធនាគារជាតិ ក៏បានលើកឡើងពីដុល្លារូបនីយកម្ម ដោយដើមទសវត្សរ៍ឆ្នាំ១៩៩០ កម្ពុជា បានចាប់ផ្តើមរៀបចំការបោះឆ្នោតសកលជាលើកដំបូងឡើងវិញ ក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ ។ ពេលនោះ អ៊ុនតាក់ បានចាយវាយជាប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនប្រមាណ ១,៧ ប៊ីលានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការការងារ និងការរស់នៅប្រចាំថ្ងៃរបស់ខ្លួន ដែលបានធ្វើឱ្យដុល្លារូបនីយកម្មចាប់ផ្តើមកើតមាននៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ប្រជាជនកម្ពុជាក៏បានចាប់ផ្តើម ទទួលយក និងប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅក្នុងជីវភាពប្រចាំថ្ងៃ ទន្ទឹមនឹងប្រាក់រៀល ចាប់តាំងពីពេលនោះមក ហើយទម្លាប់នៃការគិតជាប្រាក់ដុល្លារអាមេរិកក៏បានចាក់ឫសកាន់តែ ជ្រៅទៅៗ នៅក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលស្ដារឡើងវិញ ហើយតម្លៃប្រាក់រៀលមិនទាន់មានស្ថិរភាពនៅឡើយ ។
ឯកឧត្តម យឹម លាភ បានបន្ថែមថា ការចូលរួម និងកិច្ចសហការក្នុងចំណោមក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ តាមរយៈការទូទាត់ ការសន្សំ ការបើកប្រាក់ខែ ការកំណត់ថ្លៃ និងដាក់តាំងស្លាកតម្លៃទំនិញនិងសេវាជាប្រាក់រៀល ការជំរុញការប្រើប្រាស់ប្រាក់រៀលជារូបិយប័ណ្ណចម្បងនៅក្នុងការកត់ត្រាបញ្ជីគណនេយ្យ និងការតាមដានវឌ្ឍនភាពនៃការប្រើប្រាស់ ប្រាក់រៀលនៅតាមវិស័យនីមួយៗជាដើម។
ជាមួយនេះ មន្ត្រីជាន់ខ្ពស់ធនាគារជាតិរូបនេះ ក៏បានអំពាវនាវ ឱ្យមានការផ្តល់ការអនុគ្រោះបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិទាំងអស់គ្នា ដោយសូមកុំគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែមសម្រាប់អ្នកប្រើប្រាស់ប្រាក់រៀល ៕