ធនាគារជាតិ នៃកម្ពុជា ផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ក្នុងសិក្ខាសាលានៅក្រុងក្រចេះ

(ក្រចេះ)៖ ឯកឧត្តម យឹម លាភ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅក្រុងក្រចេះ ខេត្តក្រចេះ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីស្រុក មន្ទីរ-អង្គភាព អាជ្ញាធរមានសមត្ថកិច្ចជុំវិញខេត្ត ។

ឯកឧត្តម យឹម លាភ មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ត្រូវបានសម្រេចដោយជោគជ័យ ជាមួយនឹងសមិទ្ធផលជាច្រើន។ ជាមួយវឌ្ឍនភាពនេះ វិស័យធនាគារ បាននឹងកំពុងរីកចម្រើន ឥតឈប់ឈរជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹងការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសកល ។ ការពង្រីកវិសាលភាពនៃសេវាហិរញ្ញវត្ថុ ឆ្ពោះទៅកាន់គុណភាព ប្រសិទ្ធភាព ភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈផ្ទាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។ ប៉ុន្តែថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរ ព្រោះវាអាចជួយឱ្យយើងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានបង្កឱ្យមានហានិភ័យផងដែរ ដូចជា៖ ការឆបោក ការលួចក្លែងបន្លំអត្តសញ្ញាណ កម្ចីអនឡាញ កម្ចីក្រៅប្រព័ន្ធ កម្ចីការប្រាក់ខ្ពស់លើសលប់ ជាដើម ។

ឯកឧត្តមទេសាភិបាលរង បន្តថា សព្វថ្ងៃនេះ កម្ចីក្រៅប្រព័ន្ធបានកំពុងរាតត្បាតនៅកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុល វ័ណ្ឌកដោះខ្លួនមិនរួច នាំឱ្យកើតទៅជាវិបត្តិផ្លូវចិត្ត។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋអាចប្រឈមមុខ នឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និង ប្រាក់ពិន័យខុសគោលការណ៍។ ហើយទ្រព្យទាំងអស់ត្រូវបានរឹបអូសគ្មានសេសសល់ ដោយពុំឆ្លងកាត់ ការសម្រេចពីតុលាការជាដើម។ ឯកឧត្តម បានលើកទឹកចិត្ត និងអំពាវនាវដល់សិក្ខាកាមទាំងអស់ចូលរួមក្នុងការផ្សព្វផ្សាយ និងក្រើនរំលឹកដល់សាធារណជន កុំឱ្យចាញ់បោកល្បិចកលជនទុច្ចរិត បែងចែកឱ្យដាច់ រវាងកម្ចីជាមួយស្ថាប័នស្របច្បាប់ និងកម្ចីជាស្ថាប័នក្រៅច្បាប់ ។

ឯកឧត្តម យឹម លាភ បានគូសបញ្ជាក់ថា កម្ចីជាមួយស្ថាប័នស្របច្បាប់ គឺខ្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានទីតាំងច្បាស់លាស់ មានអត្រាការប្រាក់សមរម្យ និងស្របតាមច្បាប់ គិតអត្រាជាភាគរយប្រចាំឆ្នាំ អតិថិជនទទួលបានការ ការពារត្រឹមត្រូវ។ កម្ចីជាលក្ខណៈបុគ្គល ដូចជា ការខ្ចីពីសាច់ញាតិ រឺមិត្តភក្តិ មិនមានលក្ខខណ្ឌតឹងរ៉ឹង ការប្រាប់ទាបខ្លាំង រឺគ្មានការប្រាក់ផង មិនមែនយកការឱ្យខ្ចីជារបរជាប្រចាំ កម្ចីបែបប្រពៃណីជួយគ្នាពេលគ្រាលំបាក។ ទោះបីជាមិនស្ថិតនៅក្រោមការការពារពីច្បាប់ តែបំណុលទាំងនេះ គឺមិនសូវមានហានិភ័យ នាំឱ្យបំណុលវ័ណ្ឌកនោះទេ ។

ដោយឡែកកម្ចីក្រៅប្រព័ន្ធ កម្ចីខុសច្បាប់ កម្ចីពីអ្នកចង់ការប្រាក់ ដូចជា ការខ្ចីពីមិត្តភក្តី ឬអ្នកស្គាល់គ្នា ការកម្ចីតាមអនឡាញ (Facebook, Telegram, TikTok) ការរាប់លុយ ការខ្ចីលុយពីចិន ការខ្ចីលុយពីអង្គការ ដែលមានការប្រាក់ខ្ពស់ខ្លាំង គិតសេវាផ្សេងៗខុសគោលការណ៍ គិតការជាថ្ងៃឬខែ ទារលុយរាល់ថ្ងៃ គ្មានទីតាំងច្បាស់លាស់ ប្រកបជារបរឱ្យលុយគេខ្ចីជាប្រចាំ និងមិនមានការទទួលស្គាល់ រឺការអនុញ្ញាត ពីធនាគារជាតិនៃកម្ពុជា គឺជាប្រាក់កម្ចីដែលធ្វើឡើងដោយបុគ្គល ឬអង្គភាពដែលគ្មានអាជ្ញាប័ណ្ណ ដែលប្រតិបត្តិការនៅក្រៅក្របខ័ណ្ឌច្បាប់ ហើយគិតអត្រាការប្រាក់ហួសហេតុ ឬប្រើល្បិចបង្ខិតបង្ខំ ដើម្បីប្រមូលបំណុល ខណៈកម្ចីក្រៅផ្លូវការកំពុងតែរាតត្បាតមកលើប្រជាពលរដ្ឋតាមតំបន់មូលដ្ឋាន។ ដូច្នេះ ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអទិភាពនិងចាំបាច់ ដែល ធនាគារជាតិនៃកម្ពុជាបាននិងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីបញ្ញាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាតាលីករ ជួយជំរុញ និងលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង