រដ្ឋមន្ត្រីក្រសួងព័ត៌មាន គ្រោងរៀបចំទិវារត់ប្រណាំង អបអរសារចំពោះអ្នកជិះកង់ផ្សងព្រេង ពេលបញ្ចប់បេសកកម្ម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មានថា ឯកឧត្តមបន្តការគាំទ្រចំពោះអ្នកជិះកង់ផ្សងព្រេងឆ្លងទ្វីប លោក ទីវ តារារិទ្ធ ដោយឯកឧត្តមនឹងរៀបចំទិវារត់ប្រណាំងមួយ ដើម្បីអបអរសាទរចំពោះការវិលត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីលោកបញ្ចប់បេសកកម្មជិះកង់។

ឯកឧកឧត្តម នេត្រ ភក្រ្តា ប្រកាសថា ឯកឧត្តមនឹងបន្តការគាំទ្រជានិច្ចចំពោះមនុស្សគ្រប់រូប ដែលធ្វើសកម្មភាពក្នុងបុព្វហេតុសប្បុរសធម៌ ហើយចំពោះលោក ទីវ តារារិទ្ធ នៅក្រោយបញ្ចប់បេសកកម្មបន្តជិះកង់ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិច រួចហើយឯកឧត្តមនឹងរៀបចំទិវារត់ប្រណាំងមួយជាមួយនឹងការកៀរគរថវិកាបានពីព្រឹត្តិការណ៍រត់ប្រណាំងនេះនឹងបរិច្ចាគជាមួយនឹងមូលនិធិរបស់លោក ទីវ តារារិទ្ធ ដែលគ្រប់ការបរិច្ចាគទាំងអស់ចូលទៅកាន់គណនីផ្ទាល់របស់មូលនិធិគន្ធបុប្ចាកម្ពុជា និងមូលនិធិមន្ទីរពេទ្យកុមារអង្គរ ដោយមន្ទីរពេទ្យទាំងពីរជាអ្នកបង្កើតរួមគ្នា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានសង្កត់ធ្ងន់ថា ការបរិច្ចាគថវិការបស់សប្បុរសជនទាំងអស់គឺបានផ្ទេរទៅកាន់មូលនិធិមន្ទីរពេទ្យទាំងពីររួមគ្នាផ្ទាល់តែម្តង ដោយលោក ទីវ តារារិទ្ធ មិនប៉ះពាល់ថវិកាសប្បុរសធម៌នេះឡើយ។

លោក ទីវ តារារិទ្ធិ ដែលស្គាល់ថា ជាអ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា។ ក្នុងយុទ្ធនាការនេះ យុវជន តារារិទ្ធិ បានជិះកង់ចេញពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៤ ដោយត្រូវឆ្លងកាត់ ១២ប្រទេសក្នុងទ្វីបអាស៊ីឆ្ពោះទៅទ្វីបអឺរ៉ុប។ ការជិះក្នុងដំណាក់កាលនេះ គឺមានរយៈពេល ១១ខែ ស្មើនឹង២៩៥ថ្ងៃ យុវជន ទីវ តារារិទ្ធិ ដែលទើបត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ គឺបានជិះកង់លើចម្ងាយផ្លូវប្រមាណ ២ម៉ឺនគីឡូម៉ែត្រ ជាមួយនឹងការប្រមូលថវិកាប្រមាណ១១ម៉ឺនដុល្លារអាមេរិក ស្របពេលដែលបេសកកម្មមនុស្សធម៌នេះមិនទាន់បញ្ចប់នៅឡើយទេ។

លោក ទីវ តារារិទ្ធិ នឹងមិនបញ្ចប់បេសកកម្មនេះ ត្រឹមតែឆ្លងទៅដល់ទ្វីបអឺរ៉ុបទេ ផ្ទុយទៅវិញ រូបលោកកាន់តែពេញចិត្តចំពោះកិច្ចការសប្បុរសធម៌ ដែលប្រកបដោយការផ្សងព្រេងនេះ។ លោកនឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកទៀត។ ការធ្វើដំណើរពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រិកខាងត្បូង មានចម្ងាយជាង ២ម៉ឺនគីឡូម៉ែត្រ ដែលធ្វើឱ្យអ្នកជិះកង់រូបនេះ ជឿថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត។ ដូច្នេះ តាមរយៈដំណើរនេះ លោក ទីវ តារារិទ្ធិ នឹងធ្វើដំណើរលើតម្រាយផ្លូវជាង៥ម៉ឺនគីឡូម៉ែត្រ ដោយនឹងត្រូវឆ្លងកាត់៥៧ប្រទេស។

លោកបានគូសបញ្ជាក់ថា នៅក្នុងដំណើរផ្លូវេរបស់ខ្លួន មនុស្សដែលលោកបានជួប គឺគេបានស្គាល់កម្ពុជា តែ៤០ភាគរយនោះទេ ហើយពាក់កណ្តាលនៃជនបរទេសដែលបានស្គាល់កម្ពុជា ដោយសារតែខ្មែរក្រហម ហើយពាក់កណ្តាលទៀតស្គាល់កម្ពុជាយើងដោយប្រាសាទអង្គរវត្ត និងទីក្រុងភ្នំពេញ។ «ពេលជួបគាត់ខ្ញុំបានរៀបរាប់ពីប្រពៃណី អរិយធម៌របស់ខ្មែរ ដោយពន្យល់ថាកម្ពុជា មានវប្បធម៌ជាង ២០០០ឆ្នាំមកហើយ ដូច្នេះ តាមរយៈការរៀបរាប់នេះជនបរទេសដែលពីមុនមិនស្គាល់កម្ពុជា គឺបានគាត់បានស្គាល់ជា ជាប្រទេសមួយមានវ័យចំណាស់នៅក្នុងតំបន់ និងពិភពលោក»។

អ្នកជិះកង់ដើម្បីសប្បុរសធម៌ដើម្បីកុមារកម្ពុជា បានគូសបញ្ជាក់ថា គោលដៅរបស់ខ្ញុំ គឺត្រូវស្វែងរកថវិកា ឱ្យបានយ៉ាងតិច ២៥ម៉ឺនដុល្លារ ជួយដល់កុមារជាច្រើន ជាពិសេសកុមារ ដែលមានជំងឺមហារីក។ ក្នុងដំណើរជិះកង់ផ្សងព្រេងដើម្បីសប្បុរសធម៌នេះ, លោក ទីវ តារារិទ្ធិ ជួបឧបសគ្គជាច្រើន ដូចជា៖ បញ្ហាអាកាសធាតុត្រជាក់ក្រោមសូន្យអង្សារ ធ្វើដំណើរលើភ្នំដែលមានសម្ពាធខ្ពស់ គ្រោះចរាចរណ៍ និងសុវត្ថិភាពជាដើម។

ជាមួយនឹងដំណើរផ្លូវដ៏សែនវែងឆ្ងាយ និងមានឧបសគ្គជាច្រើនយ៉ាងណាក្តី ក៏លោក ទីវ តារារិទ្ធិ បានចាត់ទុកថា នេះមិនបានក្លាយជារនាំងបិទផ្លូវដល់ដំណើរកៀងគរថវិកាថវិកាពីសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង