អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ជាថ្មីថា កម្ពុជាមិនអនុញ្ញាត ឱ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីកម្ពុជាឡើយ

ឯកឧត្ដមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យកងទ័ពបរទេសណា បោះមូលដ្ឋានយោធានៅលើទឹកដីកម្ពុជាឡើយ ហើយកម្ពុជាក៏មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅបរទេសដែរ ដាច់ខាត និងមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិមួយតែប៉ុណ្ណោះ។

ថ្លែងក្នុងពិធីសមយុទ្ធនាគមាស- ឆ្នាំ២០២៥ លើកទី៧ រវាងកងទ័ពកម្ពុជា និងចិន បានបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ លើប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នៅមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង២ពាន់នាក់ រួមជាមួយនឹងយុទ្ធោបករណ៍យោធាទំនើបៗ នៅលើទឹកដីកម្ពុជា ឯកឧត្ដមនាយឧត្ដមសេនីយ៍ បានបន្តថា ក្នុងនាមរដ្ឋអធិតេយ្យមួយកម្ពុជា រក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈ យោធា អាវុធ គ្រាប់រំសេវ ព្រមទាំងការហ្វឹកហាត់កម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន នឹងធានាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈផ្ទៃក្នុងប្រទេសឱ្យបានល្អប្រសើរ តែកម្ពុជាមិនអនុញ្ញាតឱ្យកងទ័ពបរទេសណា បោះមូលដ្ឋានយោធានៅលើទឹកដីកម្ពុជាឡើយ គឺធ្វើស្របតាមមាត្រា៥៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមនាយឧត្ដមសេនីយ៍បានបន្តថា កម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ ហើយកម្ពុជាយល់ច្បាស់ពីសង្រ្គាមដែលបំផ្លាញស្ទើរទាំងអស់នៅកម្ពុជា ក៏យល់ច្បាស់អំពីតម្លៃសន្តិភាព ហើយសន្តិភាពគឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃនេះ។

សូមជម្រាបជូនថា សមយុទ្ធមិត្តភាព កម្ពុជា-ចិន នាគមាសឆ្នាំ២០២៥នេះ បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

គួរបញ្ជាក់ដែរថា កងកម្លាំងចូលរួម ទាំងភាគីកម្ពុជានិងចិន មានប្រមាណជាង២ពាន់នាក់។ ដោយឡែក សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធ ខាងភាគីកម្ពុជា ប្រើប្រាស់រួមមាន កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្រ្គោះ នាវា ឧទ្ធម្ភាគចក្រ និងអាវុធមួយចំនួនទៀត។ ចំណែកឯ ភាគីចិន ប្រើប្រាស់កាំភ្លើងធំប្រតិបត្តិលើរថយន្ត កាំភ្លើងត្បាល់ យន្តយុទ្ធកង់កៅស៊ូ រថពាសដែកកង់ច្រវាក់ រថយន្តដឹកនាំបញ្ជាC5 គ្រឿងយន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុន-ស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារ:បំផ្ទុះ និងគ្រាប់រំសេវមួយចំនួនជាដើម៕

អត្ថបទដែលជាប់ទាក់ទង