មន្រ្តីសុខាភិបាល អំពាវនាវពលរដ្ឋចាក់វ៉ាក់សាំងការពារកូវីដបំប្លែងថ្មី ដែលកំពុងឆ្លងនៅប្រទេសជិតខាង
ភ្នំពេញ៖ ស្របពេល វីរុសកូវីដ-១៩បំប្លែងថ្មី «JN.1» កំពុងឆ្លងរាលដាលនៅតាមប្រទេសក្បែរខាងកម្ពុជា លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហាញការព្រួយបារម្ភ និងអំពាវនាវឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងសារជាថ្មី ដើម្បីបង្កាជំងឺធ្ងន់ធ្ងរ និងការស្លាប់បាត់បង់ជីវិត។
តាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន នៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែឧសភា បច្ចុប្បន្ន កូវីដ-១៩ កំពុងរីករាលដាលឡើងវិញ ជាពិសេសពពួកបំប្លែងថ្មីឈ្មោះ «JN.1» ដែលកំពុងចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅលើពិភពលោក។ ដើម្បីបង្កាជំងឺធ្ងន់ធ្ងរ ឬការស្លាប់បាត់បង់ជីវិត មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ អំពាវនាវឱ្យពលរដ្ឋ ជាពិសេសក្រុមមនុស្សងាយរងគ្រោះ ទៅចាក់វ៉ាក់សាំងការពារកូវីដប្រភេទ «ភីហ្វាយហ្សឺ (Pfizer)» ដែលមាននៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋគ្រប់រាជធានី-ខេត្ត ចាប់ពីពេលនេះតទៅ។
«ដើម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ ខ្ញុំសូមក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសគឺក្រុមងាយរងគ្រោះ ដូចបានរៀបរាប់ខាងលើនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឫមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ»។ លោកស្រី ឱ វណ្ណឌីន សរសេរនៅលើទំព័រហ្វេសប៊ុកបែបនេះ។
បច្ចុប្បន្ន កម្ពុជាមិនទាន់មានស្ថានភាពឆ្លងឡើងវិញនូវវីរុសកូវីដ-១៩នៅឡើយទេ។ តែយ៉ាងណា លោកស្រី ឱ វណ្ណឌីន បានក្រើនរំឭកឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងចាប់ផ្ដើមអនុវត្តវិធានការ «៣ កុំ និង៣ ការពារ» ឡើងវិញ។ លោកស្រីរដ្ឋលេខធិការ មានសុទិដ្ឋិនិយមថា ការអនុវត្តវិធានការការពារ និងចាក់វ៉ាក់សាំង អាចជួយបន្ថយជាអតិប្បរិមានូវភាពធ្ងន់ធ្ងរនៃជំងឺ ការចូលសម្រាកពេទ្យ និងការស្លាប់។
លោកស្រី ឱ វណ្ណឌីន ក្រើនរំឭកដូច្នេះថា៖«កម្ពុជាបច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡើងវិញ នូវវីរុសកូវីដ-១៩ នៅឡើយទេ ប៉ុន្តែការការពារប្រសើរជាងព្យាបាល ជាជម្រើសដ៏ល្អប្រសើរបំផុត សម្រាប់យើងទាំងអស់គ្នា។ យើង (ក្រសួងសុខាភិបាល) ក៏កំពុងផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុននាពេលនេះផងដែរ»៕