ឯកឧត្តម នេត្រ ភក្ត្រា ក្រើនរម្លឹកមន្ត្រីព័ត៌មាន ត្រូវរួមគ្នាជាធ្លុងមួយតម្កល់ផលប្រយោជន៍ជាតិជាធំ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានក្រើនរម្លឹកដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ទាំងអស់ ត្រូវរួមសហការគ្នាជាធ្លុងមួយ ហើយតម្កល់ផលប្រយោជន៍រួម តម្កល់ក្តីសុខ និងសន្តិភាព របស់ជាតិជាធំ ដែលជាសសរស្តម្ភនៃដំណើរបេសកកម្មលើការងារគ្រប់គ្រងព័ត៌មាន សាធារណមតិ និងសោតទស្សន៍នៅកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានក្រើនរំលឹកដូចខាងលើនេះ នៅក្នុងឱកាសអញ្ជើញបិទសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ, និងកំណែទម្រងហិរញ្ញវត្ថុ សាធារណៈ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

នៅចំពោះមុខថ្នាក់ដឹកនាំក្រសួងព័ត៌មាន, ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ៗថា ក្នុងនាមជាមន្ត្រី ព័ត៌មាន គឺបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការពន្យល់ប្រជាពលរដ្ឋ សន្តិសុខ សណ្តាប់ធ្នាប់ ដំណើរការដឹកនាំរបស់រាជរដ្ឋាភិបាល សំដៅធ្វើឱ្យសង្គមជាតិរឹងមាំ មានស្ថិរភាពពេញលេញ ហើយ ទិសដៅសំខាន់ គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន។ ចំណុចនេះកើតចេញពីការផ្សព្វផ្សាយព័ត៌មាន នាំយកនូវគោលនយោបាយ ផែនការសកម្មភាព ច្បាប់ ពីរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ទៅជូនប្រជាជន និងនាំមកនូវអ្វីដែលជា សេចក្ដីប៉ងប្រាថ្នា និងគោលបំណងរបស់ប្រជាពលរដ្ឋមកជូនរាជរដ្ឋាភិបាលវិញ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការពាំនាំនូវព័ត៌មានពិត រហ័ស និងមានទំនុកចិត្ត ជាតួនាទីធំខ្លាំងណាស់របស់ក្រសួងព័ត៌មាន នៅក្របខ័ណ្ឌនៃតួនាទីស្នូល ក្នុងនាមជាអំណាចទី៤ របស់រដ្ឋ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ប្រសិនបើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ទន់ជ្រាយ និងបាត់បង់ទំនុកចិត្តនោះ នឹងធ្វើឱ្យសង្គមជាតិជួបនឹងបញ្ហាជាច្រើន​ នោះគឺបញ្ហាអស្ថិរភាព អសន្តិសុខ ការបាត់បង់សិទ្ធិ និងអាចបង្កជាភ្លើងសង្គ្រាមជាដើម។

ឯកឧត្តម បានមានប្រសាន៍បន្ដថា«ខ្ញុំសូមឱ្យបងប្អូនតម្កល់នូវអ្វីដែលជាបេសកកម្មដ៏ពិសិដ្ឋរបស់យើង ហើយសូមឱ្យគិតថាទោះបីនៅក្នុងតម្លៃណាក៏ដោយ យើងចាំចាច់ត្រូវបំពេញនូវបេសកកម្មនេះ ឱ្យបាន ជោគជ័យ»៕

អត្ថបទដែលជាប់ទាក់ទង