អតីតអ្នកឧកញ៉ា ហេង សិទ្ធិ ត្រូវបានបញ្ជូនខ្លួនពីប្រទេសរុស្ស៉ី មកដល់កម្ពុជាហើយ ដើម្បីអនុវត្តនីតិវិធី
អតីតអ្នកឧកញ៉ា ហេង សិទ្ធិ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនពីប្រទេសរុស្ស៊ីមកដល់កម្ពុជាហើយ ដើម្បីបន្តនីតិវិធីរបស់តុលាការ។
អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកកម្ពុជា ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបុគ្គល ហេង សិទ្ធី ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។
បុគ្គល ហេង សិទ្ធិ ត្រូវបានឃាត់ខ្លួននៅថ្ងៃ១៣ ខែមករា ឆ្ណាំ២០២៥ ប្រហែលម៉ោង១៩:០០នាទី ម៉ោងនៅកម្ពុជានៅចំណុចស្ថានីយ៍រថភ្លើង នៃទីក្រុង St. Petersburg ក្នុងគោលបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។
អតីតអ្នកឧកញ៉ា ហេង សិទ្ធី ក៏ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិទៅនៅប្រទេសកម្ពុជាក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ៕