លោក ដូណាល់ ត្រាំ គ្រោងដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម ដល់៥០ភាគរយ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី៣០ ខែឧសភា បាននិយាយថាលោកមានគម្រោងដំឡើងការយកពន្ធគយលើការនាំចូល ដែកថែប និងអាលុយមីញ៉ូម ពី២៥ភាគរយ ដល់៥០ភាគរយ ដែលនេះជាការបង្កើនការដាក់សម្ពាធបន្ថែមលើក្រុមហ៊ុនផលិតដែកថែបនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅឯពិធីជួបជុំមួយក្នុងរដ្ឋ Pennsylvania លោក ត្រាំ បានលើកឡើងថា «យើងនឹងដំឡើងការយកពន្ធពី២៥ ដល់៥០ភាគរយ ជាពន្ធលើ ដែកថែមដែលនាំចូលមកកាន់សហរដ្ឋអាមេរិក ហើយដែលនឹងធានាបន្ថែមដល់ឧស្សាហកម្មដែកថែប ក៏ដូចជាបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិក»។
ការប្រកាសពីគម្រោងដំឡើងការយកពន្ធគយទ្វេដងលើដែកថែប និងអាលុយមីញ៉ូមរបស់លោក ត្រាំ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរូបលោកបានចោទប្រកាន់ថា ចិនបានរំលោភបំពានលើកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការផ្អាកការយកពន្ធគ្នាទៅវិញទៅមក និងការរឹតត្បិតពាណិជ្ជកម្មសម្រាប់រ៉ែសំខាន់ៗ។ តែភ្លាមៗ ក្រោយការប្រកាសនេះដែរ សភាពាណិជ្ជកម្មកាណាដា បានថ្កោលទោសគម្រោងដំឡើងពន្ធរបស់លោក ត្រាំ ដោយចាត់ទុកថាវាជាការអនុវត្តផ្ទុយទាំងស្រុងពី សន្តិសុខសេដ្ឋកិច្ចនៃតំបន់អាមេរិកខាងជើង៕