លោក Trump ឲ្យអ៊ីរ៉ង់សុំចុះចាញ់ តែអ៊ីរ៉ង់ថាមិនព្រម និងព្រមានមិនអត់ឱនដល់អ៊ីស្រាអែល
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់ឱ្យអ៊ីរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ ហើយថែមទាំងព្រមានធ្ងន់ៗថា ការអត់ធ្មត់របស់សហរដ្ឋអាមេរិកកំពុងថយចុះជាលំដាប់ ស្របពេលដែលសង្រ្គាមផ្លូវអាកាសរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តពុះកញ្រ្ជោលឈានចូលដល់ថ្ងៃទី៦។
ការព្រមានបែបនេះរបស់លោក Trump បានបង្កឱ្យមានការសង្ស័យថា អាមេរិកអាចនឹងចាត់វិធានការក្ដៅប្រឆាំងអ៊ីរ៉ង់ ខណៈដែលមេដឹកនាំអាមេរិករូបនេះកំពុងពិចារណាថាតើត្រូវចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែរឬក៏យ៉ាងណា។
ក្រៅពីការជំរុញឱ្យចុះចាញ់ លោកប្រធានាធិបតី Trump ថែមទាំងបានអះអាងទៀតថា អាមេរិកបានដឹងយ៉ាងច្បាស់ ថាតើមេដឹកនាំកំពូលអ៊ីរ៉ង់ ដោយគាត់ចង់សំដៅដល់លោក Ali Khamenei កំពុងសម្ងំលាក់ខ្លួននៅទីណា ហើយបើអាមេរិកចង់សម្លាប់គាត់ នោះជារឿងងាយស្រួលបំផុត។ តែក្នុងពេលនេះ យើងនឹងមិនសម្លាប់គាត់នោះទេ។ ការអត់ធ្មត់របស់យើងកំពុងថយចុះ។
ការគំរាមបែបនេះរបស់លោក Trump កើតឡើងចំពេលដែលមន្ត្រីអាមេរិក៣នាក់បានប្រាប់កាសែតរ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រដ្ឋបាលលោកប្រធានាធិបតី Trump បានបញ្ជូនយន្ដហោះចម្បាំងបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth និយាយថា យោធាអាមេរិកកំពុងប្រុងជើងការការពារខ្លួន។
ចំណែក រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz ក៏បានព្រមានដោយបើកចំហរដែរថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei អាចនឹងមានជោគវាសនា ស្រដៀងនឹងអតីតប្រធានាធិបតីអ៊ីរ៉ាក់ លោក Saddam Hussein ដែលត្រូវបានផ្តួលរំលំ ហើយក្រោយមក ត្រូវបានប្រហារជីវិត៕
ប្រភព ៖ រ៉យទ័រ