សម្តេចតេជោ ហ៊ុន សែន ពន្យល់អំពីស្ថានភាពពិតប្រាកដនៃការកើតឡើងនៃជម្លោះព្រំដែនកម្ពុជា និងថៃ ប្រាប់ទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន

ភ្នំពេញ៖ តាមរយៈរដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យឯកឧត្តមនាំសាររបស់សម្ដេច ទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីប្រាប់ទៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចបានពន្យល់អំពីស្ថានភាពពិតប្រាកដនៃការកើតឡើងនៃជម្លោះព្រំដែនកម្ពុជា និងថៃ ជាពិសេសការចាប់ផ្ដើមចេញពីការបាញ់សម្លាប់ទាហានខ្មែរ កាលពីថ្ងៃទី២៨ ឧសភាកន្លងទៅនេះ ដែលជាការប្រមាថមកលើកម្ពុជា ក៏ដូចជាការឈ្លានពានមកដល់ទឹកដីកម្ពុជា។

សម្ដេចក៏បានបញ្ជាក់ពីបញ្ហានៃការបិទច្រកព្រំដែនដោយឯកតោភាគី និងការប្រមាថ គំរាម ដូចជា ការគំរាមបិទអគ្គិសនី បិទអ៊ីនធឺណិតជាដើម។ សម្ដេចតេជោក៏បានលើកឡើងពីយន្តការរបស់កម្ពុជាដែលបានធ្វើ គឺការដោះស្រាយដោយសន្តិវិធី ជាពិសេសការជំរុញបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី បានសន្យាថា នឹងនាំយកនូវសាររបស់សម្ដេចតេជោ ទៅកាន់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ ហើយឯកឧត្តមក៏គាំទ្រចំពោះយន្តការនៃការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់កម្ពុជា ជាពិសេសយន្តការដោះស្រាយទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ៕

អត្ថបទដែលជាប់ទាក់ទង