លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកអំណោយ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ១២០៦គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២
(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ចំនួន ១២០៦គ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកា និងប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប ស ស) ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា នេះជាលើកទី២ ហើយដែលលោកជំទាវ បានមកជួបសួសុខទុក្ចនិងសំណេះសំណាលនិងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋនៅទីនេះ។ កន្លងមកនេះលោកយាយ លោកតាដែលមានវត្តមាននៅទីនេះ ធ្លាប់បានដើរលេងកម្សាន្តនៅភ្នំគូលែន ម្ដងរួចមកហើយ។ លោកជំទាវបណ្ឌិត នឹងស្នើសុំទៅនាយករដ្ឋមន្ត្រី ដើម្បីឱ្យលោកតា លោកយាយបានទៅដើរលេងកំសាន្តម្ដងទៀត។
លោកជំទាវបណ្ឌិត បញ្ជាក់ថា កម្ពុជាយើងមិនធ្លាប់មានសន្តិភាព ៥០០ឆ្នាំមកហើយ។ តែក្នុងសម័យកាលនេះ ពោលគឺក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា ដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ក្នុងពិធីនោះដែរ ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ៖ ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះគឺមានចំនួន ១២០៦គ្រួសារ ជាមួយនឹងការផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលជាង១ពាន់នាក់។
នេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើង ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ដើម្បីកាត់បន្ថយនៅភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ក្នុងចំនួនប័ណ្ណ(បសស)ជាង ១០០០គ្រួសារនេះ, បានប្រគល់ជូនមូលនិធិកុមារកម្ពុជាចំនួន ៩៦០នាក់ និងប្រជាពលរដ្ឋរស់នៅសង្កាត់ស្ទឹងមានជ័យ២ចំនួន ២៨៦នាក់។ បន្ថែមពីលើនេះប្រជាពលរដ្ឋទាំង ១២០៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគមួយចំនួនរួមជាមួយនឹងថវិកាចំនួន ១០ម៉ឺនរៀលថែមទៀត៕