សេតវិមានថា អ៊ីរ៉ង់អាចផលិតគ្រាប់បែកនុយក្លេអ៊ែរជោគជ័យ ២សប្តាហ៍ទៀត

បរទេស ៖ សេតវិមានរបស់អាមេរិក បានព្រមានថា អ៊ីរ៉ង់អាចផលិតគ្រាប់បែកនុយក្លេអ៊ែរ បានជោគជ័យ ក្នុងរយៈពេល ពីរ ឬ បី សប្តាហ៍ ខាងមុខនេះ។

សេតវិមានបាននិយាយថា អ៊ីរ៉ង់អាចផលិតអាវុធនុយក្លេអ៊ែរ ក្នុងចន្លោះ ពីរ ឬ បី សប្តាហ៍ ខាងមុខនេះ ខណៈប្រធានាធិបតីអាមេរិក Donald Trump កំពុងពិរចាណាថាតើត្រូវចាត់វិធានការ យោធាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ ឬ យ៉ាងណា។

លេខាធិការសារព័ត៌មាន នៅសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកកាសែតថា «អ៊ីរ៉ង់មានអ្វីគ្រប់យ៉ាង ដែលខ្លួនត្រូវការ ដើម្បីសម្រេចបាននូវអាវុធនុយក្លេអ៊ែរ… អ្វីដែលពួកគេត្រូវការ គឺការសម្រេចចិត្តពីមេដឹកនាំកំពូល ដើម្បីធ្វើដូច្នេះ ហើយវានឹងចំណាយពេលពីរ ឬ បីសប្តាហ៍ ដើម្បីបញ្ចប់ការផលិតអាវុធ ប្រភេទនោះបាន»។

ការអះអាងនេះ បានធ្វើឡើង ក្រោយពេលដែលអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារ ដែលមិនធ្លាប់មានពីមុន ទៅលើប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍មុន ហើយ ទីក្រុងតេអេរ៉ង់ បានឆ្លើយតបវិញ ជាមួយនឹងការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។

អ៊ីស្រាអែលអះអាងថា ការវាយប្រហារទាំងនេះគឺដើម្បីរារាំង ការផលិតគ្រាប់បែកបរិមាណូរបស់អ៊ីរ៉ង់ តែអ៊ីរ៉ង់ តែងតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺដើម្បីសន្តិភាព ឬ នុយក្លេអ៊ែរ បម្រើដល់វិស័យស៊ីវិល មិនមែនយោធាទេ៕

ប្រភពពី AFP

អត្ថបទដែលជាប់ទាក់ទង