ចិនគ្រោងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ

ប៉េកាំង ៖ ប្រទេសចិននឹងរៀបចំពិធីព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ ដើម្បីរំលឹកដល់ខួបបញ្ចប់សង្គ្រាមលោកលើកទី២។ នេះជាលើកទី២ហើយ ដែលចិនរៀបចំព្រឹត្តិការណ៍សម្ញែងយោធាខ្នាតយក្សបែបនេះ ខណៈដែលជម្លោះបានផ្ទុះឡើងជុំវិញពិភពលោក ហើយចុងក្រោយនេះ គឺជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែល។

ព្យុហយាត្រាយោធានេះ នឹងប្រារព្ធឡើងនៅទីលាន ធានអានមិន ក្នុងរដ្ឋធានីប៉េកាំង នៅថ្ងៃទី៣ ខែកញ្ញាខាងមុខ ពោលគឺមួយទសវត្សរ៍បន្ទាប់ពីកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមក្បួនដង្ហែរទិវាជ័យជំនះជាលើកដំបូង។

ព្រឹត្តិការណ៍បង្ហាញសាច់ដុំយោធានេះដែរ ក៏ជាផ្នែកមួយនៃពិធីរំលឹកខួប ៨០ឆ្នាំ ចាប់តាំងពីប្រទេសចិនបានយកឈ្នះលើប្រទេសជប៉ុន និងជ័យជម្នះជាសកលប្រឆាំងនឹងពួកហ្វាស៊ីសនិយម នេះបើតាមការបញ្ជាក់របស់លោក ហ៊ូ ហ៊ីពីង អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់បក្សកុម្មុយនិស្តចិន បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារ។

វិមានក្រឹមឡាំងបានប្រកាសកាលពីសប្តាហ៍មុនថា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក៏នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី៣ ខែកញ្ញា ដើម្បីចូលរួមព្រឹត្តិការណ៍នេះ និងជួបពិភាក្សាជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង នៅថ្ងៃទី២ ខែកញ្ញា។ រីឯលោកប្រធានាធិបតីបេឡារុស អាឡិចសាន់ឌើ លូកាសិនកូ ក៏ត្រូវបានរំពឹងថា នឹងចូលរួមផងដែរ។

សូមរម្លឹកថា លោកប្រធានាធិបតី ពូទីន ព្រមទាំងមេដឹកនាំមកពីប្រទេសប្រហែល៣០ផ្សេងទៀត ភាគច្រើននៅសកលលោកខាងត្បូង បានចូលរួមក្បួនដង្ហែរទិវាជ័យជំនះលើកដំបូងរបស់ប្រទេសចិនក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកខួបលើកទី៧០។ កងទ័ពប្រហែល ១២.០០០នាក់ និងយន្តហោះ ២០០គ្រឿងមកពីកងទ័ពរំដោះប្រជាជនចិន (PLA) បានចូលរួម។

ចាប់តាំងពីពេលនោះមក កងទ័ព PLA បានប្រារព្ធព្រឹត្តិការណ៍ព្យុហយាត្រាយោធាតែម្តងគត់ គឺនៅក្នុងឆ្នាំ២០១៩ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ហើយចាប់ពីទសវត្សរ៍ឆ្នាំ១៩៨០ ដល់ឆ្នាំ២០០០ ប្រទេសចិនបានប្រារព្ធព្រឹត្តិការណ៍ព្យុហយាត្រាយោធាមួយដងក្នុងមួយទសវត្សរ៍៕

ប្រភព ៖ South China Morning Post

អត្ថបទដែលជាប់ទាក់ទង