ថៃ ដាក់កញ្ឆាក្នុងបញ្ជីរឹតត្បិតឡើងវិញ ក្រោយអនុញ្ញាតឱ្យប្រើ ៣ឆ្នាំ
ថៃ បានដាក់ឡើងវិញនូវផ្កាកញ្ឆាទៅក្នុងបញ្ជីប្រើប្រាស់សម្រាប់តែវេជ្ជសាស្រ្ត ហើយរឹតត្បិតលើការលក់ និងធ្វើពាណិជ្ជកម្ម។ នេះបើតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាលសាធារណៈ ចុះលើរាជកិច្ចថៃ នៅថ្ងៃទី២៥ ខែមិថុនា ដោយចូលជាធរមានភ្លាមៗ។
នៅក្នុងឆ្នាំ២០២២ ថៃបានក្លាយជាប្រទេសអាស៊ីដំបូងគេ ដែលបានអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆា ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ត្រឹមរយៈពេល ៣ឆ្នាំប៉ុណ្ណោះ ថៃ បានដាក់កញ្ឆាទៅក្នុងបញ្ជីរឹតត្បិតវិញ ហើយអនុញ្ញាតឱ្យប្រើប្រាស់តែផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះ។
បទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាលសាធារណៈ ដែលត្រូវបានចុះលើរាជកិច្ចថៃនៅថ្ងៃទី២៥ ខែមិថុនា នឹងចូលជាធរមានភ្លាមៗ ហើយការធ្វើពាណិជ្ជកម្ម, លក់ និងការកែឆ្នៃឡើងវិញនូវកញ្ឆា ត្រូវបានហាមឃាត់។ ចំណែកក្រុមហ៊ុននាំចេញកញ្ឆា ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរ ហើយកញ្ឆា ត្រូវទិញពីប្រភព ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
សម្រាប់ផ្នែកវេជ្ជសាស្រ្ត ប្រជាជននៅតែអាចទិញយកទៅធ្វើជាថ្នាំបាន ប្រសិនបើមានវេជ្ជបញ្ជាត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
ការរឹតត្បិតឡើងវិញនេះ ធ្វើឡើងបន្ទាប់ថៃបានរងការរិះគន់ ដោយសារតែការអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆា បានជះឥទ្ធិពលដល់កុមារ និងការកើនឡើងនៃអត្រាញៀនកញ្ឆា។ ទំហំទីផ្សារកញ្ឆានៅថៃ មានរហូតដល់ ១ពាន់លានដុល្លារឯណោះ៕