លោក ស្រ៊ុន ពៅ៖ កម្ពុជាមានសាច់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការពលរដ្ឋ ដោយមិនបាច់ពឹងថៃ

ភ្នំពេញ៖ «កម្ពុជាមានសាច់គ្រាប់គ្រាន់ សម្រាប់បំពេញតម្រូវការពលដ្ឋ ដោយមិនចាំបាច់ ពឹងផ្អែកការនាំចូលពីប្រទេសថៃ។ ការបិទច្រកព្រំដែននៅពេលនេះ គឺខាងថៃជាអ្នកខាត ព្រោះកម្ពុជាគ្រាន់តែអ្នកទិញប៉ុណ្ណោះ។ រីឯ ថៃជាអ្នកនាំចូល»។ នេះជាការអះអាងរបស់ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្រោយអាជ្ញាធរថៃសម្រេចបិទ​ច្រក​ព្រំដែនទាំងស្រុង​ជាមួយកម្ពុជា។

លោក ស្រ៊ុន ពៅ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី ២៦ ខែមិថុនានេះថា បន្ទាប់​ពី ថៃបានបិទច្រកព្រំដែនទាំងស្រុង ​ជាមួយកម្ពុជា​ជា​​ឯកតោភាគី កាលពីថ្ងៃទី២៤ ខែមិថុនា​មក លោក សង្កេតឃើញថា សាច់សត្វ ក៏ដូចជាទំនិញផ្សេងៗ មិនមានការនាំចេញចូល​ទៀតទេ។

ទាក់ទិនរឿងនេះ លោក ស្រ៊ុន ពៅ អះអាងថា កម្ពុជាមិនមានបញ្ហាចោទនោះទេ។ កម្ពុជា​មានសាច់គ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការក្នុងស្រុក ដោយមិនចាំបាច់ពឹងផ្អែកការនាំ​ចូលពីថៃ។ មិនត្រឹមប៉ុណ្ណឹងទេ កម្ពុជា ក៏នៅសល់សាច់សម្រាប់នាំចេញទៅក្រៅប្រទេសដែរ បើសិនមានការបញ្ជាទិញ។

ចំពោះ ការបិទព្រំដែនលើកនេះ ភាគីថៃ គឺជាអ្នកខាត ព្រោះថាកម្ពុជាគ្រាន់តែអ្នកទិញ​ប៉ុណ្ណោះ។ រីឯ ថៃគឺជាអ្នកនាំចូល ហើយថែមទាំងបានយកកម្ពុជាធ្វើជា «ផ្លូវ» នាំចេញសាច់​ទៅកាន់វៀតណាមទៀតផង។

លោក ស្រ៊ុន ពៅ បន្ថែមដូច្នេះថា៖«ការពីថៃបើកច្រក គឺមានការប៉ះពាល់គ្នាបន្តិចបន្តួច តែ​បើ​បិទ គឺអត់ប៉ះពាល់ទេ។ ដូច្នេះ នេះគឺជាផលល្អសម្រាប់យើង ព្រោះថាយើងមានសាច់​គ្រប់គ្រាន់ បម្រើឱ្យទីផ្សារក្នុងស្រុក ដោយមិនចាំបាច់ពឹងផ្អែកសាច់ដែលនាំចូល​ពីថៃនោះ​ទេ។ បើថៃមិននាំចូល! ផលដែលខាតមិនមែនកម្ពុជាទេ គឺថៃដោយសារតែថៃជាអ្នកនាំគោ និងសាច់ផ្សេងៗ មិនត្រឹមតែនាំមកម្ពុជាទេ គឺនាំឆ្លងកាត់កម្ពុជាទៀតវៀតណាមទៀត។ ដូច្នេះ អ្នកខាតបង់ខ្លាំង គឺថៃហ្នឹងតែម្ដង»។

ក្នុងមួយថ្ងៃ ពលរដ្ឋកម្ពុជា ប្រើប្រាស់ជ្រូករស់អស់ប្រមាណ ១០ ០០០ក្បាល, មាន់ខ្ទង់ ២០០ ០០០​ក្បាល និងបន្ទាប់សន្សំដោយត្រី គោ ក្របី និងសាច់សត្វជាច្រើនប្រភេទទៀត។ ដោយ​ឡែក ការនាំចូលបន្លែ ត្រីសាច់ ពីបរទេស កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់​សុខភាព​សាធារណៈ ជាពិសេសជំងឺមហារីក។ ក្នុងមួយឆ្នាំៗ កម្ពុជាមានអ្នកកើតជំងឺមហារីក​ប្រ​មាណ ២០ ០០០ករណី ក្នុងនោះស្លាប់ប្រហែល ១៤ ០០០នាក់ក្នុងមួយឆ្នាំៗ។ ភ្ជាប់​នឹង​រឿង​​នេះដែរ លោក ស្រ៊ុន ពៅ យល់ថា​ការបិទសាច់នាំចូលពីប្រទេសថៃ​នៅពេលនេះ អាចជួយ ទប់ស្កាត់ផលប៉ះពាល់សុខភាពមួយផ្នែករបស់ពលរដ្ឋ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ បានបន្តអំពាវនាវពលរដ្ឋ និងចុងភៅទាំងអស់ កាត់​បន្ថយការប្រើប្រាស់សាច់ដែលនាំគ្មានប្រភពច្បាស់លាស់ និងងាកមកគាំទ្រសាច់ក្នុងស្រុក​វិញ ដើម្បីសុខភាព និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោក បន្ថែមដូច្នេះថា៖«និយាយតាមត្រង់ទៅ បើសិនពលរដ្ឋយើងនាំគ្នាគាំទ្រ ផលិតផល​ក្នុង​ស្រុក គឺល្អបំផុត។ ឥឡូវ យើងកើតមហារីកអត់ដឹងខ្លួនផងហ្នឹង? ដូ​ច្នេះ បានខ្ញុំសូម​ឱ្យ​បងប្អូនយើងទាំងអស់ ងាកមកគាំទ្រផលិតផលក្នុងស្រុក ដែលមានគុណភាព ហើយ​ស្ដង់ដា ដើម្បីសុខសុវត្ថិភាព សុខភាពបងប្អូនយើងទេ»៕

អត្ថបទដែលជាប់ទាក់ទង