លោក Trump ចង់ប្តូរឈ្មោះ “ក្រសួងការពារជាតិ” ទៅជា “ក្រសួងសង្គ្រាម” ក្រោយជោគជ័យនៅអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានស្នើឱ្យផ្លាស់ប្តូរឈ្មោះក្រសួងការពារជាតិអាមេរិកបច្ចុប្បន្ន ត្រឡប់ទៅឈ្មោះកាលពីជំនាន់មុនសង្គ្រាមលើកទី២វិញ នោះគឺក្រសួងសង្គ្រាម បន្ទាប់ពីទទួលជោគជ័យក្នុងការទម្លាក់គ្រាប់បែកបំផ្លាញសំបុកនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៥ ខែមិថុនា នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងប្រទេសហូឡង់ថា អ្នកធ្លាប់បានដឹងហើយថា ក្រសួងការពារជាតិធ្លាប់ត្រូវបានគេហៅឈ្មោះថា ជាក្រសួងសង្គ្រាម។ ដូច្នេះ ប្រហែលជាពីរបីសប្តាហ៍ទៀត ពួកយើងនឹងហៅឈ្មោះវាបែបនេះ ពីព្រោះយើងមានអារម្មណ៍ថា ជា “អ្នកចម្បាំង”។
ការអត្ថាធិប្បាយបែបនេះរបស់លោក Trump កើតឡើងក្រោយបញ្ចបបេសកកម្មទម្លាក់គ្រាប់បែករបស់យោធាអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២១ ខែមិថុនា។
លោកប្រធានាធិបតី Trump បានសរសើរអំពីយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ដែលហោះហើររយៈពេល ៣៦ម៉ោង ចេញពីមូលដ្ឋានទ័ពនៅរដ្ឋ Missouri និងវាយប្រហារចំគោលដៅ “យ៉ាងល្អឥតខ្ចោះ” ទាំងយប់អាធ្រាត្រ ទោះបីគ្មានជំនួយពីពន្លឺព្រះចន្ទក៏ដោយ។
ក្រៅពីចង់ប្តូរឈ្មោះក្រសួងការពារជាតិ លោកប្រធានាធិបតី Trump ក៏បានស្នើឱ្យផ្លាស់ប្តូរឈ្មោះមុខតំណែងលោក Marco Rubio និងលោក Pete Hegseth ថា ជារដ្ឋមន្រ្តីការបរទេសសង្គ្រាម និងរដ្ឋមន្រ្តីសង្គ្រាមផងដែរ។
លោកប្រធានាធិបតី Trump បានលើកឡើងថា ស្លាកឈ្មោះរបស់ក្រសួងសង្គ្រាម ដែលនឹងជំនួសឈ្មោះក្រសួងការពារជាតិ អាចនឹងត្រូវបានព្យួរនៅលើជញ្ជាំង នៃអគារការិយាល័យប្រតិបត្តិ Eisenhower ជាប់នឹងសេតវិមាន។
សូមរម្លឹកថា សហរដ្ឋអាមេរិកធ្លាប់មានក្រសួងសង្គ្រាម ចាប់តាំងពីការបង្កើតរហូតដល់ក្រោយសង្គ្រាមលោកលើកទី២ នៅពេលដែលក្រសួងកងទ័ពជើងទឹក និងកងទ័ពអាកាសត្រូវបានផ្តល់ឋានៈជាគណៈរដ្ឋមន្ត្រី។ ប៉ុន្តែនៅឆ្នាំ១៩៤៩ សភាបានច្របាច់ក្រសួងទាំងនោះបញ្ចូលគ្នាតែមួយ ទៅជាក្រសួងការពារជាតិវិញ៕
ប្រភព ៖ USAtoday