Club World Cup៖ Real Madrid ជួប Juventus រីឯ Man City ប៉ះ Al Hilal វគ្គ ១៦ក្រុមចុងក្រោយ
(Club World Cup, World Cup, Real Madrid, Manchester City)
ព្រឹត្តិការណ៍ Club World Cup បិទបញ្ចប់ការប្រកួតវគ្គចែកពូលទាំងស្រុង ដោយរកឃើញក្រុមខ្លាំងចំនួន ៤ថែមទៀត ឡើងវគ្គ ១៦ក្រុមចុងក្រោយ ក្នុងនោះរួមមាន Real Madrid មកពីអេស្ប៉ាញ, Juventus របស់អ៊ីតាលី, Manchester City ជើងខ្លាំងអង់គ្លេសនិង Al Hilal របស់អារ៉ាប៊ីសាអូឌីត។
Real Madrid កាន់តំណែងកំពូលតារាង ពូល H ក្រោយពីយកឈ្នះការប្រកួតទល់នឹងក្រុម FC Salzburg លទ្ធផល ៣-០ ហើយរុញច្រានក្រុមមកពីអូទ្រីសធ្លាក់ចេញពីការប្រកួត។ រីឯក្រុម Al Hilal ក្រោមការដឹកនាំរបស់លោក Simone Inzaghi បានផ្តួលក្រុម Pachuca លទ្ធផល ២-០ ដណ្តើមបាន ៣ពិន្ទុ ក្រសោបបានកៅអីលេខ ២ ពូល H។
ជ័យជម្នះទី២ សម្រាប់លោក Xabi Alonso ក្នុងនាមជាអ្នកចាត់ការក្រុម Real Madrid ទើបចូលមកដឹកនាំនៅមុនព្រឹត្តិការណ៍ CWC ចូលមកដល់រយៈពេលត្រឹមតែ ២សប្តាហ៍ ប៉ុណ្ណោះ។ ៣គ្រាប់របស់ Real Madrid សម្រេចបានដោយកីឡាករ Vinicius Jr នាទី៤០ មុនពេល Federico Valverde ស៊ុតបញ្ចូលទីនៅនាទី៤៥+៣ និង Gonzalo Garcia គ្រាប់ទី៣ នៅនាទី៨៤។
ក្រឡែកទៅកាន់ការប្រកួតពូល G ក្រុមខ្លាំងអង់គ្លេស Manchester City បន្តកំណត់ត្រាឈ្នះមិនចាញ់នៅព្រឹត្តិការណ៍ Club World Cup និងឈរក្នុងនាមជាក្រុមកំពូលតារាងពូល G បន្ទាប់ពីផ្តួលជើងខ្លាំងអ៊ីតាលី Juventus លទ្ធផល ៥-២។ Man City ក៏ជាក្រុមតែមួយគត់ក្នុងវគ្គចែកពូល ដែលបញ្ចប់ការប្រកួតទាំង ៣លើក ឈ្នះទាំងអស់។
គ្រាប់បាល់ទាំង ៥ រកបានដោយកីឡាករ Jeremy Doku, Pierre Kalulu, Phil Foden និង Savinho ចំណែកគ្រាបាល់របស់ Erling Haaland កើតឡើងនៅនាទី៥២ ធ្វើឱ្យកីឡាករសញ្ជាតិន័រវែស រកបានគ្រាប់បាល់ទី ៣០០ ក្នុងអាជីពរបស់គេ នៅក្លិប និងជម្រើសជាតិ។ ជ័យជម្នះរបស់ Man City រុញច្រាន Juventus ឱ្យទៅតទល់ Real Madrid ខណៈខ្លួនបង្វែរទៅប៉ះក្រុម Al Hilal មកពីអារ៉ាប៊ីសាអូឌីត។
ដោយឡែកក្រុម Al Ain មកពីអេម៊ីរ៉ាត់អារ៉ាប់រួម មុនត្រឡប់ទៅផ្ទះវិញ ក៏ដណ្តើមបានជ័យជម្នះដើម្បីលួងចិត្ត និងអបអរដល់ការចូលរួមការប្រកួត Club World Cup ក្រោយយកឈ្នះក្រុម Wydad Casablanca។
ក្រុមខ្លាំងចំនួន ១៦នឹងត្រូវបន្តការប្រកួតនៅវគ្គ ១៦ក្រុម រួមមាន Paris Saint Germain តទល់ Inter Miami, Flamengo ប៉ះ Bayern Munich, Palmeiras ប៉ះ Botafogo, SL Benfica ប៉ះ Cheslea, Inter Milan តទល់ Fluminense, Real Madrid ទល់ Juventus, Man City ទល់ Al Hilal និង Borussia Dortmund តទល់ Monterrey៕