សម្តេចតេជោ៖ កម្ពុជាគ្រាន់តែជាជនរងគ្រោះ ដោយអំពើឆបោកអនឡាញ ដោយសារតែប្រទេសថៃប៉ុណ្ណោះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នាយករដ្ឋមន្រ្ដីថៃ កំពុងបង្វិលស្ថានការណ៍លើរឿងឧក្រិដ្ឋកម្មអនឡាញមកកម្ពុជា។ កាលពីថ្ងៃទី២៤ ខែមិថុនា ដោយលោកស្រីបានប្រកាសថា បិទព្រំដែនដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈដែលថៃបានបិទព្រំដែនជាឯកតោភាគីតាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ។
ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហា សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជាគ្រាន់តែជាជនរងគ្រោះដោយអំពើឆបោកអនឡាញ ដោយសារតែប្រទេសថៃប៉ុណ្ណោះ ពីព្រោះអ្នកឆបោកតាមអនឡាញទាំងអស់ត្រូវបានសម្រួលដោយអាជ្ញាធរថៃដោយសារតែកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា មិនមានជើងហោះហើរធំៗ ដែលអាចដឹក អ្នកប្រព្រឹត្តអំពើទាំងនោះបានដោយផ្ទាល់នោះទេ។
សម្ដេចតេជោបន្តថា ប្រទេសថៃកំពុងពោរពេញទៅដោយឧក្រិដ្ឋកម្មអនឡាញ និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មនេះ ប៉ុន្ដែលោកស្រីនាយករដ្ឋមន្រ្ដីថៃ បែរជាមកចោទកម្ពុជា ដែលជាប្រទេសរងគ្រោះដោយសារថៃទៅវិញ។
សម្ដេចតេជោ បានជំរុញឱ្យបណ្ដាញផ្សព្វផ្សាយកម្ពុជា ផ្សព្វផ្សាយពីឧក្រិដ្ឋកម្មអនឡាញនៅថៃវិញ។
សម្ដេចក៏បានផ្ដាំទៅប្រជាជនថៃមើលឱ្យច្បាស់ ចំពោះល្បិចកលដឹកនាំរបស់លោកស្រីនាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ន ដែលគ្មានភាពស្មោះត្រង់ចំពោះពលរដ្ឋខ្លួនឯង ហើយមិនស្មោះត្រង់ជាមួយប្រទេសជាដៃគូទៅទៀត។
ឆ្លៀតនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ឲ្យរដ្ឋមន្រ្តីការពារជាតិថៃ ចេញមុខមកដោះស្រាយជាបន្ទាន់ ប្រសិនរដ្ឋមន្រ្តីរូបនេះពិតជាមនុស្សមែន បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិថៃរូបនេះមើលងាយខ្មែរ ដោយបានចោទប្រកាន់ខ្មែរថា បានបន្តប្រើប្រាស់ភ្លើងរបស់ថៃទៀតចំនួន៦ចំណុចទៀតនោះ។ សម្តេច បានចោទជាសំណួរថា តើចំណុចណាខ្លះដែល កម្ពុជាបន្តប្រើប្រាស់អគ្គិសនីថៃ?៕