សម្តេចតេជោ ៖ នាយករដ្ឋមន្រ្តីថៃជាកូន “អត់ពូជ អត់មានម៉ែឪប្រដៅ”

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តីថៃជាកូនអត់ពូជ អត់មានម៉ែឪប្រដៅ”។
ការលើកឡើងរបស់សម្តេចតេជោនេះ លោកស្រីនាយករដ្ឋមន្រ្តីថៃ តាមរយៈផ្តល់កិច្ចសំភាសន៍ជាមួយអ្នកសារព័ត៌មានខ្លួនបានលើកឡើងថា “មេដឹកនាំកម្ពុជាអត់មានវិជ្ជាជីវៈ” ក្រោយមានការធ្លាយសារសន្ទនារវាងសម្តេចតេជោ និងនាយករដ្ឋមន្រ្តីថៃលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។

ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោមានប្រសាសន៍ថា ជាលើកទី១ ហើយ ដែលសម្តេចបានទទួលពាក្យប្រមាថ មកលើសម្តេចពីសំណាក់នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រាថា សម្តេចអត់មានវិជ្ជាជីវៈ ។

សម្តេចតេជោបន្តថា ការប្រមាថបែបនេះគឺសម្តេចមិនអាចទទួលយកបាននោះទេ ។ សម្តេចប្រធានព្រឹទ្ធសភាគូសបញ្ជាក់ថា “អ៊ុងអ៊ីងប្រមាថហ៊ុន សែន និងហ៊ុន ម៉ាណែតសុទ្ធតែអត់មានវិជ្ជាជីវៈ នាងមើលខុសហើយ នេះជាការប្រមាថដែលមិនធ្លាប់មាន ។ នេះជាលើកទី១ហើយដែលខ្ញុំទទូលការប្រមាថបែបនេះ ប្រើពាក្យអត់មានវិជ្ជាជីវៈ ។ ការប្រមាថធ្ងន់ធ្ងរនេះហើយ ដែលនាំទៅដល់ ហ៊ុន សែន ឆ្លើយតបបកអាក្រាតឲ្យខ្ទេច ។ ថ្ងៃក្រោយនាងត្រូវចាំណា លោកជំទាវត្រូវចាំ ភាសាអត់វិជ្ជាជីវៈ មិនមែនជាភាសា ដែលត្រូវប្រើក្នុងចំណោម អ្នកនយោបាយទេ” ។

សម្តេចតេជោមានប្រសាសន៍ទៀតថា “បណ្តាលមកពីសម្តីអត់វិជ្ជាជីវៈហ្នឹង អាហ្នឹងហើយមាត់អត់គំរប កូនអត់មានម៉ែឪប្រដៅ និយាយចឹងថាអាកូនអត់ពូជ ទោះបីអ្នកឯងជាកូនមហាសេដ្ឋីក៏ដោយ ក៏ប៉ុន្តែការព្រហើនបែបនេះមិនគួរទេ មិនមែនត្រឹមតែព្រហើនចំពោះយើងទេណា គឺព្រហើនដាក់ពលរដ្ឋខ្លួនឯង ថែមទៀត” ។

សម្តេចតេជោបន្តថា បើសម្តេចអត់មានវិជ្ជាជីវៈនោះ នាយករដ្ឋមន្រ្តីថៃ អាចទៅរិះគន់លោកដូណាល់ ត្រាំទៅ ព្រោះលោកត្រាំ ក៏បានបញ្ចេញព័ត៌មាននានា នៅតាមបណ្តាញសង្គមដែរ ៕

អត្ថបទដែលជាប់ទាក់ទង