លោក ហ៊ុន ម៉ានី ជំរុញឱ្យអភិបាលរាជធានី-ខេត្តផ្សព្វផ្សាយពីការចូលរួមប្រឡងប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូ
ភ្នំពេញ៖ នៅពេលខាងមុខនេះ ក្រសួងមុខងារសាធារណៈ នឹងចាប់ផ្ដើមប្រឡងប្រជែងជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥។ ឆ្នាំនេះ ការប្រឡងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ផ្ដោតសម្រាប់សាលាបឋមសិក្សា និងអនុវិទ្យាល័យ រីឯក្នុងវិស័យសុខាភិបាល ផ្ដោតលើមណ្ឌលសុខភាព។
បើតាមសេចក្ដីជម្រាបជូនដែលចុះហត្ថលេខាដោយលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានរំឭកដល់អភិបាលរាជធានី-ខេត្ត ណែនាំដល់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ក្រុង ស្រុក ខណ្ឌ ចំណុះ ឱ្យជូនដំណឹងដល់អង្គភាពជាគោលដៅនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលសម្រាប់ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ អភិបាលរាជធានី-ខេត្ត ត្រូវជំរុញឱ្យអង្គភាពជាគោលដៅនៃការវាយតម្លៃទាំងអស់ក្នុងដែនសមត្ថកិច្ចក្រុង ស្រុក ខណ្ឌ របស់ខ្លួន ដាក់ពាក្យចូលរួមប្រឡងប្រជែងឱ្យបានផុសផុល។ លើសពីនេះ លោក ហ៊ុន ម៉ានី ក៏ស្នើឱ្យអភិបាលរាជធានី-ខេត្ត អនុវត្តការវាយតម្លៃបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលត្រូវបានបញ្ជូនពីគណៈកម្មការវាយតម្លៃវាយតម្លៃថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីជ្រើសសម្រាំងយកបេក្ខភាពអង្គភាព ផ្តល់សេវាសាធារណៈគំរូចំនួនពីរក្នុងមួយកម្រិត។
ក្រៅពីនេះ អភិបាលរាជធានី-ខេត្ត ក៏ត្រូវផ្តល់កិច្ចសហការ និងណែនាំដល់អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌចំណុះ ឱ្យផ្តល់កិច្ចសហការដល់ក្រុមការងារនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ដែលនឹងចុះបំពេញបេសកកម្មតាមដានត្រួតពិនិត្យការអនុវត្តការវាយតម្លៃនិង ការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូ ជាការជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃដំណើរការរបស់អង្គភាពផ្ដល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរឡើង។ សម្រាប់រដ្ឋាភិបាល នេះជាការឆ្លើយតបយ៉ាងល្អប្រសើរ ទៅនឹងវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
កម្មវិធីវាយតម្លៃនេះ ជាការផ្តួចផ្តើមរួមគ្នាដោយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងពង្រឹងអភិបាលកិច្ចអង្គភាពផ្តល់សេវាសាធារណៈ និងជាយន្តការបំពេញបន្ថែម៕