កម្ពុជាបង្ហាញពីការរំលោភបំពានរបស់ថៃចំពោះកិច្ចការកំណត់ព្រំដែន
សម្តេចបវរធិបតីហ៊ុនម៉ាណែត កាលពីថ្ងៃទី៥កក្កដាឆ្នាំ២០២៥ បានបង្ហោះនៅក្នុងបណ្តាញសង្គមនូវអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្ដីពីការវាស់វែងនិងខិតព្រំសីមាព្រំដែនគោក ដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើអោយប្រជាពលរដ្ឋខ្មែរ និងសកលលោកមើលឃើញថា ថៃបានរំលោភបំពានទៅលើកិច្ចព្រមព្រៀងដោះស្រាយព្រំដែនទាំងស្រុង។
អនុស្សរណៈរវាងកម្ពុជានិងថៃនេះ បានធ្វើនៅទីក្រុងភ្នំពេញកាលពី ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០០០ជាភាសាខ្មែរ-ថៃ និងភាសា អង់គ្លេស អត្ថបទទាំងអស់នេះមានតំលៃស្មើគ្នា ។ ក្នុងករណីការបកស្រាយខុសគ្នា ឯកសារភាសា អង់គ្លេសនឹងត្រូវយកមកធ្វើជាឯកសារគោល ។ ឯកសារនេះបានចុះហត្ថាលេខាដោយឯកឧត្តម វ៉ា គឹមហុង ទីប្រឹក្សារាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ជួសមុខអោយរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រីឯឯកឧត្តម សុខុមបាន បារីប៉ាត្រា អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ ជួសមុខអោយ រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ។
អនុស្សរណៈនេះបានកើតឡើង បន្ទាប់ពីមានសេចក្តីប្រកាសរួមរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៩៤ ស្តីពីការយល់ព្រមបង្កើតគណៈកម្មាធិការចំរុះកិច្ចការព្រំដែនកម្ពុជា- ថៃ នៅពេលសមស្របមួយ និងយោងទៅលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតគណៈកម្មការចំរុះកិច្ចការព្រំដែនកម្ពុជា-ថៃ ក្នុង ការខ័ណ្ឌសីមាព្រំដែនគោក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៧ ដោយបានព្រមព្រៀងបង្កើតគណៈកម្មក កិច្ចការព្រំដែនកម្ពុជា-ថៃ ស្តីពីការខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ដែលមានភារកិច្ចបោះ បង្គោលព្រំដែន ដើម្បីជាសញ្ញាសំគាល់ខ្សែព្រំដែន រវាងប្រទេសទាំងពីរ ។
តាមរយៈអនុស្សរណៈនេះភាគីកម្ពុជានិងថៃបានព្រមព្រៀងគ្នាថា ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ត្រូវធ្វើឡើងរួមគ្នា ដោយសំអាងលើឯកសារ អនុសញ្ញារវាងបារាំង-សៀម ដែលបានកែប្រែអត្ថន័យ នៃសន្ធិសញ្ញា ថ្ងៃទី៣ ខែតុលា ឆ្នាំ ១៨៩៣ ទាក់ទងទៅនិងដែនដី និងការព្រមព្រៀងដ៏ទៃទៀត ដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីស នៅ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ។
ឯកសារសន្ធិសញ្ញារវាងព្រះមហាក្សត្រសៀម និងលោកប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង ដែល បានចុះហត្ថលេខា នៅទីក្រុងបាងកក នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ និងពិធីសារស្តីពីការកំណត់ព្រំដែន ដែលជាឧបសម្ព័ន្ធ នៃសន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ និងផ្អែកលើ បណ្តាផែនទីដែលជាលទ្ធផល នៃកិច្ចការខ័ណ្ឌព្រំសីមារបស់គណៈកម្មការកំណត់ព្រំដែន ឥណ្ឌូ ចិន-សៀម ដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម និង ឯកសារដទៃទៀត ដែលទាក់ទងទៅនិងការអនុវត្តន៍នៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាង បារាំង-សៀម ។
ទោះជាយ៉ាងនេះក្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានចេញ សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៤កក្កដាឆ្នាំ២០២៥ថា ភាគីថៃមិនគោរពអនុស្សរណៈឆ្នាំ២០០០ ហើយបង្កអោយមានភាពតានតឹងតាមបណ្តោយ ព្រំដែនក្លាយទៅជាការផ្ទុះអាវុធដែលបានកើតឡើងនៅចន្លោះឆ្នាំ ២០០៨-២០១១រហូតមកដល់បច្ចុប្បន្ន។
សូមបញ្ជាក់ថា នៅក្នុងអនុស្សរណៈឆ្នាំ២០០០នេះ ភាគីកម្ពុជានិងថៃបានព្រមព្រៀងបង្កើតគណៈកម្មការចំរុះកម្ពុជា-ថៃមួយដើម្បីដោះស្រាយកិច្ចការព្រំដែនដែលមានឈ្មោះថា គណៈកម្មការចំរុះកម្ពុជា-ថៃ ស្តីពីការខ័ណ្ឌសីមាព្រំដែនគោក។ ប៉ុន្តែអ្វីដែលចម្លែកគឺ គណៈកម្មការចំរុះកម្ពុជា-ថៃដែលកើតចេញពីអនុស្សរណៈឆ្នាំ២០០០នេះដែរ បែរជាមិនគោរពកិច្ចព្រមព្រៀងរបស់អនុស្សរណៈឆ្នាំ២០០០នេះ ស្តីពីឯកសារនិងផែនទីសម្រាប់វាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ទៅវិញ។
ការបំពានរបស់់ភាគីចំពោះអនុស្សរណៈឆ្នាំ២០០០នេះបានកើតឡើងនៅពេលភាគីថៃ ទទូចប្រើប្រាស់ផែនទីដែលគូរដោយឯកតោភាគីនៅក្នុងកិច្ចប្រជុំគណៈកម្មការចំរុះកម្ពុជា-ថៃ ស្តីពីការខ័ណ្ឌសីមាព្រំដែនគោក ដែលទង្វើនេះផ្ទុយនឹង ខ្លឹមសារ និងស្មារតីនៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ដែលចែងអំពីការប្រើប្រាស់ ផែនទីផលិតដោយគណៈកម្មការចំរុះបារាំង-សៀម និងការប្រកាសចង់ប្រើកម្លាំងរបស់យោធាថៃដើម្បី ដោះស្រាយតំបន់ជម្លោះ។
ក្នុងកាលៈទេសៈនេះ កម្ពុជាបានសន្និដ្ឋានថា យន្តការទ្វេភាគីលែងមានលទ្ធភាពហើយក្នុងការដោះស្រាយ វិវាទលើចំណុចមួយចំនួនដែលអូសបន្លាយយូរមកហើយនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះដោយ សន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាមានបំណងប្រែក្លាយព្រំដែនរួមទៅជាតំបន់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ។ តែជាមួយគ្នានេះ កម្ពុជានឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដែលជាសិទ្ធិត្រូវបានធានាសម្រាប់ រដ្ឋអធិបតេយ្យទាំងអស់នៅក្រោមច្បាប់អន្តរជាតិ ហើយរំពឹងថាប្រទេសជិតខាងរបស់ខ្លួនក៏នឹងធ្វើ សកម្មភាពក្នុងស្មារតីគោរពគ្នាទៅវិញទៅមក និងរួមរស់ដោយសន្តិភាពផងដែរ៕