លោក ត្រាំ ថា អុីស្រាអែលនិងហាម៉ាស់យល់ព្រមដោះលែងចំណាប់ខ្មាំង និងដកទ័ព
ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី៨ ខែតុលា បានប្រកាសពីយល់ព្រមរបស់អ៊ីស្រាអែល និងហាម៉ាស់លើដំណាក់កាលទីមួយ នៃផែនការសន្តិភាពសម្រាប់តំបន់ហ្កាស្សា។ បើតាមលោក ត្រាំ នៅដំណាក់កាលនេះ ចំណាប់ខ្មាំងនឹងត្រូវបានដោះលែង ហើយអ៊ីស្រាអែលនឹងដកទ័ពថយ។
ក្រោយការចរចាពីរថ្ងៃនៅអេហ្ស៊ីប លទ្ធផលវិជ្ជមានបានលេចជាបណ្ដើរៗហើយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ ការចរចាមិនផ្ទាល់នេះមានតំណាងអេហ្ស៊ីប ជាអ្នកនាំសារ ហើយអាម៉េរិក និងកាតាក៏ជួយជំរុញខ្លាំងក្លាដែរ។
លោក ដូណាល់ ត្រាំ សរសេរលើបណ្ដាញសង្គម Truth Social ថា អ៊ីស្រាអែល និងហាម៉ាស់បានចុះហត្ថលេខាឯកភាពលើដំណាក់កាលដំបូងនៃផែនការសន្តិភាព២០ចំណុចដែលលោកស្នើផ្ទាល់កាលពីសប្ដាហ៍មុន។
«នេះមានន័យថា ចំណាប់ខ្មាំងទាំងអស់នឹងត្រូវដោះលែងយ៉ាងឆាប់រហ័ស ហើយអ៊ីស្រាអែលនឹងដកទ័ពទៅកាន់ខ្សែបន្ទាត់ដែលបានកំណត់ ដែលនេះជាជំហានដំបូងទៅកាន់សន្តិភាពយូរអង្វែង និងខ្លាំងក្លា។» លោក ត្រាំ សរសេរបែបនេះ។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍Fox News នៅថ្ងៃដដែល លោក ត្រាំ រំពឹងថា ចំណាប់ខ្មាំងអស់អាចវិលត្រឡប់ទៅវិញនៅដើមសប្ដាហ៍ក្រោយ ដែលរួមទាំងសាកសពផង។
ចំណែកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ វិញ និយាយថា ចំណាប់ខ្មាំងក្នុងដៃហាម៉ាស់ អាចត្រូវបានដោះលែងនៅចុងសប្ដាហ៍នេះ។ ជាមួយក្រុមហាម៉ាស់វិញ ក៏បញ្ជាក់ពីការយល់ព្រមលើកិច្ចព្រមព្រៀងនេះ ដែលនឹងរួមបញ្ចូលការដោះលែងអ្នកទោសពីសំណាក់អ៊ីស្រាអែលដូចគ្នា។ ក្រុមសកម្មជនមួួយនេះ ស្នើឲ្យអាម៉េរិកជំរុញអ៊ីស្រាអែលគោរពកិច្ចព្រមព្រៀងឲ្យពេញលេញ។
បើការអនុវត្តជោគជ័យ ជម្លោះពីរឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅហ្កាស្សា ទំនងមានពន្លឺឈានដល់ទីបញ្ចប់ហើយ។ នោះក៏អាចចាត់ទុកជាជោគជ័យមួយសម្រាប់ប្រធានាធិបតី ត្រាំ ដែលព្យាយាមបញ្ចប់ជម្លោះនានានៅជុំវិញពិភពលោក។
យ៉ាងណាមិញ ចំណុចសំខាន់ជាច្រើនទៀត នៅមិនទាន់រកឃើញការឯកភាពនៅឡើយដូចជាអនាគតរបស់តំបន់ហ្កាស្សា និងវាសនារបស់ហាម៉ាស់ជាដើម៕