UN កាត់បន្ថយកងកម្លាំងរក្សាសន្តិភាព ជាង១ម៉ឺននាក់ ព្រោះខ្វះថវិកា

អ.ស.ប ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN នឹងកាត់បន្ថយកងកម្លាំងរក្សាសន្តិភាព ជាង១ម៉ឺននាក់ ដោយសារខ្វះថវិកា ដែលភាគច្រើន ជាប់ទាក់ទងនឹងការកាត់បន្ថយជំនួយ របស់អាមេរិក នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃទី៩ ខែតុលា។

មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា UN នឹងត្រូវបង្ខំចិត្ត កាត់បន្ថយកងកម្លាំងមួកខៀវ ទូទាំងពិភពលោក ២៥% ឬ ចន្លោះពី ១៣,០០០ ទៅ ១៤,០០០នាក់ ប៉ះពាល់ដល់បេសកកម្មរក្សាសន្តិភាព ចំនួន៩ ក្នុងចំណោមបេសកកម្ម ទាំង១១។

ប្រភពបានបញ្ជាក់ថា បញ្ហានេះនឹងមានផលវិបាក ទាក់ទងនឹងការត្រួតពិនិត្យបទឈប់បាញ់, ការការពារជនស៊ីវិល, ការងារមនុស្សធម៌ ឬ សកម្មភាពរក្សាសន្តិភាព ផ្សេងៗទៀត។

ដំបូងឡើយ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងផ្តល់វិភាគទាន ចំនួន១.៣ពាន់លានដុល្លារ នៃថវិកាសរុប ចំនួន ៥.៤ពាន់លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព ឆ្នាំ២០២៥ ដល់ ២០២៦។ ប៉ុន្តែ ឥឡូវនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានជូនដំណឹង ដល់អង្គការសហប្រជាជាតិ វិញ ថា ខ្លួននឹងចំណាយត្រឹមតែពាក់កណ្តាល នៃចំនួននេះ តែប៉ុណ្ណោះ ឬ ស្មើនឹង ៦៨២ លានដុល្លារអាមេរិក។

ចិនត្រូវបានគេរំពឹងថា នឹងផ្តល់វិភាគទានចំនួន ១.២ ពាន់លានដុល្លារអាមេរិក ដល់កញ្ចប់ថវិការក្សាសន្តិភាព តែ UN មិនទាន់ទទួលបានកញ្ចប់ចូលរួមចំណែក ២ពាន់លានដុល្លារ គិតត្រឹមខែកក្កដា។

ការណ៍នេះ នាំឲ្យ UN នឹងមានការខ្វះខាត ចន្លោះពី ១៦ ទៅ ១៧ ភាគរយ នៅក្នុងថវិការក្សាសន្តិភាព នាពេលបច្ចុប្បន្ន។

លោកប្រធានាធិបតី Donald Trump បានអះអាង ជាយូរមកហើយថា ស្ថាប័នអន្តរជាតិមួយនេះ បានទាញយកផលប្រយោជន៍ពីអាមេរិក ហើយបានបញ្ជាឲ្យពិនិត្យលទ្ធភាពកាត់បន្ថយជំនួយបរទេសដ៏ធំ ចាប់តាំងពីលោកបានវិលត្រឡប់ ទៅគ្រប់គ្រងសេតវិមាន ឡើងវិញ នៅក្នុងខែមករា ឆ្នាំ២០២៥៕

ប្រភពពី CNA

អត្ថបទដែលជាប់ទាក់ទង