សម្ដេចធិបតី៖ មូលធនមនុស្ស ដើរតួនាទីសំខាន់ ក្នុងការសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០

(កំពង់ស្ពឺ)៖ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មូលធនមនុស្ស បានដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជា ឱ្យទៅជាការពិត ក្នុងឆ្នាំ​២០៣០ និងឆ្នាំ២០៥០ ដូច្នេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាអាទិភាព​ចំបងបំផុត លើការអភិវឌ្ឍ និងវិនិយោគលើមូលធនមនុស្សរបស់កម្ពុជា ។

សម្តេចធិបតីបន្ថែមថា រាជរដ្ឋាភិបាល ជំរុញឱ្យធនធានមនុស្ស ឱ្យមានចំណេះ ទាំងជំនាញ និងចំណេះដឹងទូទៅ ដើម្បីប្រែក្លាយយុជនកម្ពុជា ឆ្លើយតបតាមតម្រូវការ​ការងារទីផ្សារ និងការរីកចម្រើន នៃបច្ចេកវិទ្យានៅលើពិភពលោក ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧត្តុង្គម៉ែជ័យ ដែលសមិទ្ធផល​នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សមិទ្ធផល ដែលកើតមាននៅ​ខេត្តកំពង់ស្ពឺ គឺបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ។

សម្ដេចធិបតី បង្ហាញមោទនភាពដែលខេត្តកំពង់ស្ពឺ បានប្រែក្លាយពីខេត្ត ដែលស្ថិតនៅតំបន់គ្មានការអភិវឌ្ឍ ហើយលំបាកក្នុងការទាក់ទាញវិនិយោគ ប៉ុន្ដែពេលនេះ ក្នុងខេត្តមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង និងមានរោងចក្រ សហគ្រាសជាង ១ ៤៤២កន្លែង មានកម្មករនិយោជិតសរុបប្រមាណ ២៥៣ ៩៤៦នាក់ និងមានតម្រូវការកម្លាំងពលកម្មបន្ថែមប្រមាណ ៦ម៉ឺននាក់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង