យុវជនកម្ពុជា U-16 ចាញ់សិង្ហបុរី លទ្ធផល៣-០ ខណៈក្រុមនារី នឹងជួបសិង្ហបុរី នាម៉ោង៧យប់នេះ

ក្រុមជម្រើសជាតិបាល់ទាត់ផ្នែកនារីអាយុក្រោម ១៦ឆ្នាំ នឹងត្រូវប្រកួតជាមួយសង្ហបុរី នៅម៉ោង៧យប់នេះ នៅលើទឹកសិង្ហបុរី។ ការប្រកួតនេះ ធ្វើឡើងបន្ទាប់ពី ក្រុមជម្រើសជាតិផ្នែកបុរស ចាញ់ម្ចាស់ផ្ទះ ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី១១ ខែកក្កដា។​ លោក Nicolas Grezault គ្រូបង្វឹកក្រុមយុវជនកម្ពុជាអាយុក្រោម ១៦ឆ្នាំ មិនពេញចិត្តចំពោះលទ្ធផលនេះទេ ដោយយល់ថាកម្ពុជា គួរតែស្មើក្រុមម្ចាស់ផ្ទះ ឬក៏ត្រូវចាញ់លទ្ធផល ១-០តែប៉ុណ្ណោះ។

លទ្ធផលចាញ់ សិង្ហបុរី ៣-០ គឺជាអ្វី ដែលខុសពីការរំពឹងទុករបស់លោក Nicolas Grezault។ កន្លងមក លោកគិតថាប្រសិនជាកូនក្រុមខ្លួនរបូតគ្រាប់បាល់មែន គឺគ្រាន់តែចាញ់ក្នុងលទ្ធផល១-០ប៉ុណ្ណោះ។ ប៉ុន្ដែ កូនក្រុមរបស់លោកនាពេលនេះ ត្រូវបានសិង្ហបុរី ទំលាយសំណាញ់ទី ដល់ទៅ ៣គ្រាប់។

គ្រូបង្វឹករូបរូបបានថ្លែងយ៉ាងដូច្នេះ ៖  « ការប្រកួតគួរតែបញ្ចប់ទៅដោយលទ្ធផលស្មើ ឬបើលទ្ធផលអាក្រក់ ចាញ់១-០។ វាជារឿងខកចិត្តមួយ។ ខ្ញុំគិតថាការប្រកួតនេះ មិនគួរបញ្ចប់ដោយលទ្ធផលបែបនេះទេ។»។

វិញ្ញាសាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍ Lion City Cup មាន៤ប្រទេសចូលរួម ដូចជា៖ ម្ចាស់ផ្ទះ សិង្ហបុរី, ហុងកុង, ហ្វីលីពីន និងកម្ពុជា។
ក្នុងព្រឹត្តិការណ៍ដដែលនេះ ការប្រកួតបាល់ទាត់ផ្នែកនារី ក្នុងពានរង្វាន់ Lion City Cup មាន ៤ប្រទេសចូលរួម។ ក្នុងនោះ មានម្ចាស់ផ្ទះ សិង្ហបុរី, កូរ៉េខាងត្បូង, ហុងកុង និងកម្ពុជា។ នាយប់ថ្ងៃទី១២ ខែកក្កដា នេះ ក្រុមនារីកម្ពុជាអាយុក្រោម ១៦ឆ្នាំ នឹងត្រូវជួបជាមួយ សិង្ហបុរីនារី U-16 វេលាម៉ោង ៧:០០យប់។

លោក អ៊ុក សុធី គ្រូបង្វឹកក្រុមនារីកម្ពុជា U-16 នឹងយកការប្រកួតនេះ ផ្ដល់ឱកាសឲ្យកីឡាការិនីទាំងអស់ មានពេលបញ្ចញសមត្ថភាពស្មើគ្នា។ គ្រូបង្វឹករូបនេះ បញ្ជាក់ថា ក្រុមមានកន្លែងច្រើន ដែលត្រូវរៀបចំទាំងតំបន់ប្រយុទ្ធ តំបន់ការពារ។ ប៉ុន្ដែអ្វី ដែលសំខាន់សម្រាប់ប្រកួតជាមួយម្ចាស់ផ្ទះ គឺត្រូវព្យាយាមលេងឲ្យបានល្អ និងអស់ពីសមត្ថភាព។

គ្រូបង្វឹករូបនេះ បាននិយាយថា៖« ខ្ញុំ នឹងផ្លាស់ប្ដូរមួយចំនួនក្នុងការប្រកួត ដើម្បីឲ្យកីឡាការិនីទាំងអស់អាចមានពេលលេងស្មើគ្នា។ មានបញ្ហាក្រុមជាច្រើន ដែលត្រូវរៀបចំទាំងការតំបន់ប្រយុទ្ធ តំបន់ការពារ។ ប៉ុន្ដែ យើង នឹងត្រូវប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតជាមួយក្រុមសិង្ហបុរី។»៕

អត្ថបទដែលជាប់ទាក់ទង