សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ
(កំពង់ឆ្នាំង)៖ សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥) នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៧ កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ៤៤៦ NS. និង៤៤៧ NS. ដែលមានឈ្មោះថា “កងរាជអាវុធហត្ថខ្មែរ” បានធ្វើសកម្មភាពរហូតដល់មុនថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៧១ កងរាជអាវុធហត្ថខ្មែរ បានប្តូរឈ្មោះជា “កងអាវុធហត្ថជាតិ”។
ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ នៅប្រទេសកម្ពុជា ពុំមានកងរាជអាវុធហត្ថទេ។ តាមក្រឹត្យចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ស្តីពីការបង្កើតអគ្គសេនាធិការដ្ឋាន នៃកងទ័ពជាតិកម្ពុជា និងរចនាសម្ព័ន្ធចាត់តាំង នៃអគ្គសេនាធិការដ្ឋាន ក្នុងចំណោមស្ថាប័ន អង្គភាពទ័ពជំនាញ មានស្ថាប័នជំនាញមួយ គឺ“កងអាវុធហត្ថ” ដែលមានតួនាទី ជាតម្រួតយោធា គ្រប់គ្រងលើផ្នែកវិន័យ សណ្តាប់ធ្នាប់កងទ័ព ទាំងទីតាំងក្នុងបន្ទាយ និងតាមទីសាធារណៈ។
ដោយផ្អែកទៅតាមសភាពការណ៍សំណូមពរសន្តិសុខ សណ្ដាប់ធ្នាប់ ពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ, នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥ អនក្រ. និងបន្ទាប់មកបានធ្វើវិសោធនកម្ម ដោយអនុក្រឹត្យលេខ៧៧ អនក្រ. ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ចែងអំពីភារកិច្ចនិងរចនាសម្ព័ន្ធទូទៅ នៃកងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថ ដែលគ្រប់គ្រងដោយអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ ត្រូវឋិតនៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី ។
កងរាជអាវុធហត្ថ ជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ដែលមានស្វ័យភាព ក្នុងកិច្ចអនុវត្តច្បាប់ មានសកម្មភាពផ្នែកប៉ូលិសរដ្ឋបាល ដែលមានឧបនិស្ស័យជាអន្តរក្រសួង។ សមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវអនុវត្តពេញផ្ទៃប្រទេសទាំងមូល ទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើយោធាក្នុងជួរកងទ័ព។ កងរាជអាវុធហត្ថ មានភារកិច្ចរ៉ាប់រងសកម្មភាពរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។ ការងារបង្ក្រាបបទលើ្មសកន្លងទៅ កងរាជអាវុធហត្ថ បានបំបែកសំណុំរឿងឧក្រិដ្ឋកម្មធំៗជាច្រើនករណីដូចជា៖ ករណីចាប់ជំរិតទារប្រាក់, ផលិតនិងចែកចាយគ្រឿងញៀន, ករណីប្លន់ប្រដាប់អាវុធ, បទល្មើសធនធានធម្មជាតិ ។ល។
នាយឧត្តមសេនីយ៍ សៅ សុខា បន្ថែមថា សមិទ្ធិផលនានា ដែលសម្ពោធនាថ្ងៃនេះ រួមមាន៖
១-តំបន់រដ្ឋបាល៖ អគារទីចាត់ការ, ផ្ទះនាយក, ផ្ទះបាយ, ប្រព័ន្ធផ្លូវ ប្រព័ន្ធលូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ២-តំបន់ស្នាក់នៅ៖ អគារស្នាក់នៅសម្រាប់នាយទាហាន, អគារស្នាក់នៅសម្រាប់សិក្ខាកាម, ផ្ទះបាយ និងឡផលិតចំហាយទឹកសម្រាប់ចម្អិនអាហារ, បន្ទប់អនាម័យ, ៣-តំបន់សិក្សា ហ្វឹកហ្វឺន និងកីឡា៖ អគារពហុសិក្សា, អគារសិក្សា, អគារយោធាចារ្យ, មន្ទីរពេទ្យនិងបរិក្ខារពេទ្យ, អគារវេទិកាអចិន្ត្រៃយ៍, ទីលានឧបសគ្គ និងឧបករណ៍ហ្វឹកហាត់, តារាងបាល់ទាត់, ចំណតរថយន្ត, ប្រព័ន្ធផ្លូវ ប្រព័ន្ធលូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ៤-តំបន់ទីលានបាញ់គ្រាប់ពិត៖ អគារស្នាក់នៅ, អគារវេទិកា, អគារបដិសណ្ឋារកិច្ច, បន្ទប់ត្រួតពិនិត្យស៊ីប, អគារហ្វឹកហាត់តាមបច្ចេកវិទ្យា, ទីលានបាញ់កាំភ្លើងខ្លីនារី, កាំភ្លើងខ្លីបុរស, កាំភ្លើងវែង, កាំភ្លើងការ៉ាប៊ីន, កាំភ្លើងយន្ត, ឃ្លាំងដាក់អាវុធ គ្រាប់, ផ្ទះបាយនិងឡផលិតចំហាយទឹកសម្រាប់ចម្អិនអាហារ, ប្រព័ន្ធផ្លូវ និងប្រព័ន្ធលូ, ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ចំណត់រថយន្ត, ៥-ប្រព័ន្ធឃ្លាំងស្ដុកស្បៀង អាវុធ មធ្យោបាយ៖ អគារស្នាក់នៅសម្រាប់បុគ្គលិកឃ្លាំង, អគារដាក់រថយន្ត, ឃ្លាំងដាក់សម្ភារ ភស្តុភារ និងបច្ចេកទេស ។ល។
ក្នុងឱកាសនេះ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិធីអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥ បានចារិក និងចង់ចាំ អំពីការតស៊ូ ពលិកម្មនៃការតស៊ូរបស់កងរាជអាវុធហត្ថ ក្នុងការការពារជាតិ បូរណភាពទឹកដី និងព្រះមហាក្សត្រ និងជួយសង្គ្រោះដល់ពលរដ្ឋក្នុងករណីគ្រោះមហន្តរាយនានាជាដើម ។
សម្តេចធិបតី ថ្លែងថា សមិទ្ធផលនាថ្ងៃនេះ គឺជាការអស្ចារ្យ ប៉ុន្ដែបើយើងបានឃើញទីនេះ កាលពីដំណាក់កាលកសាងដំបូងប្រមាណ ១៥ឆ្នាំមុន គឺរឹតតែអស់អស្ចារ្យថែមទៀត ខណៈការកសាងទីនេះ គឺមិនអាចកសាងឡើងបាន ដោយគ្មានចក្ខុវិស័យវែងឆ្ងាយនោះទេ ៕