របបសឹកភូមាទម្លាក់គ្រាប់បែកសម្លាប់មនុស្សជាង ៤០នាក់ក្នុងឱកាសបុណ្យប្រទីប

នៅប៉ែកកណ្តាលប្រទេសភូមា មានមនុស្សស្លាប់យ៉ាងហោចណាស់ ៤០នាក់ និងរបួសជាង ៨០នាក់ ព្រោះតែការទម្លាក់គ្រាប់ពីសំណាក់របបសឹក។ រឿងរ៉ាវនេះ បានកើតឡើងកាលពី​យប់ថ្ងៃចន្ទ ទី៦ តុលា តែរដ្ឋាភិបាលក្រុងណៃពិដោរ មិនបានចេញមុខនិយាយពន្យល់បក​ស្រាយអ្វីទាំងអស់ចំពោះហេតុការណ៍សោកនាកម្មមួយនេះ។

ពួកយោធាភូមា បានវាយប្រហារដោយទម្លាក់គ្រាប់បែក ២ គ្រាប់ដែលបណ្តាលឲ្យស្លាប់​មនុស្សជាង ៤០ នាក់ និងរបួសជាង ៨០ នាក់ នៅក្រុង Chaung U ស្ថិតភាគកណ្តាល​ប្រទេស។ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃចន្ទ ទី៦តុលា ក្នុងឱកាសរាត្រីចន្ទ​ពេញបរមី ដែលមានប្រជាពលរដ្ឋពុទ្ធសាសនិកភូមារាប់ពាន់នាក់មកជួបជុំគ្នា ដើម្បីធ្វើ​បុណ្យប្រទីបជ្វាលា។ ទន្ទឹមនឹងធ្វើបុណ្យចេញវស្សាមួយនេះ មនុស្សមួយចំនួន ក៏បាន​សម្តែងមតិរិះគន់ប្រឆាំងរដ្ឋអំណាចរបបសឹកភូមា ដែរ។

ចំនួនជនរងគ្រោះអាចនឹងមានច្រើនជាងខ្លាំង ប្រសិនបើអ្នករៀបចំកម្មវិធី មិនបានប្រកូកប្រកាសឲ្យបំបែកគ្នា ទេនោះ។ នេះបើតាមសាក្សីមួយចំនួន ដែលប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដោយមិនបញ្ចេញឈ្មោះ និងបានលើកឡើងទៀតថា មុនហេតុការណ៍នេះកើតឡើងបន្តិច គេឃើញឆ័ត្រយោងដ៏ចម្លែក១ ហោះពីលើកន្លែងមនុស្សជួបជុំគ្នា ហើយអ្នករៀបចំកម្មវិធី ក៏បានប្រកាសអាសន្ន និងប្រាប់ឲ្យបំបែកហ្វូង។ មនុស្សមួយចំនួនធំបានរត់ចេញ ហើយភ្លាមៗនោះ គេឃើញគ្រាប់បែក ២ ធ្លាក់ពីឆ័ត្រយោង។

អ្នកធ្វើបុណ្យដែលឈរកាន់ភ្លើងទៀន បែរជាត្រូវដេកដួលមួយរំពេច ហើយសរីរាង្គកាយដាច់ដោចជាបំណែកៗ។

បើតាមសាក្សី គេនៅបន្តដើរប្រមូលបំណែកសាកសព នៅព្រឹកថ្ងៃអង្គារ ទី៧តុលា ហើយរៀបចំធ្វើពិធីបុណ្យបូជាសព។ ក្នុងចំណោមជនរងគ្រោះ មានស្លាប់កូនក្មេង ៩ នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកភូមា។ ទីភ្នាក់ងារព័ត៌មានបារាំងAFP បានទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យរបបសឹកភូមា តែគ្មានសេចក្តីអធិប្បាយអ្វីទាំងអស់នៅល្ងាចថ្ងៃអង្គារ ទី៧ តុលា។

ក្នុងថ្ងៃទី៧ តុលាដដែល អង្គការការការពារសិទ្ធិមនុស្ស Amnesty International ប្រចាំភូមា បានចេញសេចក្តីថ្លែងការណ៍ និងថ្កោលទោសអំពើឃោរឃៅរបស់​របបសឹកភូមា ព្រមទាំងពន្យល់ថា ការវាយប្រហារទម្លាក់គ្រាប់បែក នៅរាត្រីថ្ងៃចន្ទ ទី៦ តុលានោះ ជាសញ្ញាអាសន្នបង្ហាញឲ្យឃើញថា ពលរដ្ឋស៊ីវិលភូមាត្រូវការជាបន្ទាន់នូវកិច្ចការពារសន្តិសុខសុវត្ថិភាព។

អ្នកស្រាវជ្រាវជំនាញសិទ្ធិមនុស្ស Amnesty International លោក Joe Freeman បានដាស់តឿនថា សហគមន៍អន្តរជាតិ ទំនងជាកំពុងតែភ្លេចវិបត្តិជម្លោះនៅភូមា។ យោធាភូមាឆ្លៀតឱកាសដែលពិភពលោកកំពុងតែរវល់វក់វីនឹងសំណុំរឿងអន្តរជាតិ និងសង្គ្រាមផ្សេងៗ ដើម្បីបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម យ៉ាងពេញទំហឹង៕

អត្ថបទដែលជាប់ទាក់ទង