ទាហានថៃរារាំងភ្ញៀវទេសចរកម្ពុជា មិនឱ្យឡើងប្រាសាទតាមាន់ធំ រហូតមានការ​ប៉ះទង្កិចគ្នាដោយសម្ដី និងកម្លាំងមួយប្រាវ

ឧត្តរមានជ័យ៖ ក្រុមទាហានប៉ារ៉ាថៃ បានរារាំងភ្ញៀវទេសចរកម្ពុជា មិនឱ្យឡើងទៅ​ទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមាន​ការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់​គ្នានោះទេ។ ការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រាននៅប្រាសាទតាមាន់ធំនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។

បើតាមសេចក្ដីរាយការណ៍ពីប្រាសាទតាមាន់ធំ បានឱ្យដឹងថា ហេតុការណ៍ប៉ះ​ទង្កិចគ្នានេះ គឺផ្ដើមចេញពីក្រុម​ទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនា នៅប្រាសាទតាមាន់ធំ។ ពេលនោះបាន​ធ្វើឱ្យប៉ះទង្កិចគ្នាដោយសម្ដីរវាងស្ដ្រីភ្ញៀវទេសចរកម្ពុជា ជាមួយក្រុមយោធាថៃ ហើយក៏មានការអន្ដរាគមន៍​ពី​សំណាក់ក្រុមទាហានកម្ពុជា ដែលឈរជើង​ការពារដែនអធិតេយ្យជាតិ នៅប្រាសាទនោះផងដែរ ដើម្បីបន្ធូរ​ស្ថានការណ៍។

ស្ថានភាពនៅប្រាសាទតាមាន់នៅពេលនេះ បានស្ងប់ស្ងាត់ទៅវិញក្រោយការជួយ​សម្របសម្រួលគ្នាពីសំណាក់ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកង​ពលតូចថ្នើរជើងលេខ៤២ ជាមួយនឹងថ្នាក់ដឹកនាំ​យោធាថៃ​ឈរជើងនៅទីនោះ។

សូមរំលឹកថា ប៉ុន្មានថ្ងៃមុននេះ ទាហានឈុតខ្មៅថៃម្នាក់ ដែលបន្លំជាភ្ញៀវទេសចរមក​ទស្សនាប្រាសាទតាមាន់ធំ ហើយបានធ្វើសកម្មភាពទះកំផ្លៀងទាហានកម្ពុជាម្នាក់​ដែលឈរជើងនៅតំបន់នោះ រួចរត់គេចចូលទឹកដីថៃបាន។ នេះជាសកម្មភាពប្រមាថ និងបង្ហាញពីគឃ្លើនរបស់ភាគីថៃ មកលើកម្ពុជា ប៉ុន្ដែទោះជាយ៉ាងណា កងទ័ពកម្ពុជា​រក្សាស្មារតីអត់ធ្មន់ខ្ពស់ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំជាតិ៕

អត្ថបទដែលជាប់ទាក់ទង