ស្នងការខេត្តព្រះសីហនុ រកឃើញជនជាតិវៀតណាម៤៣នាក់ ពាក់ព័ន្ធការឆបោកតាមអនឡាញ
ស្នងការនគរបាលខេត្តព្រះសីហនុ ចុះបង្រ្កាបនិងរកឃើញជនជាតិវៀតណាមបានចំនួន៤៣នាក់ ដែលចូលរួមក្នុងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ប្រតិបត្តិការនេះ បានកើតឡើងនៅទីតាំង២ផ្សេងគ្នាស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នាថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៥។
ស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់នាថ្ងៃទី១៦ ខែកក្កដានេះតាមរយៈទំព័រហ្វេសប៊ុកថា ក្នុងប្រតិបត្តិការខាងលើនេះ ប៉ូលិសរកឃើញជនបរទេសសរុប៤៣នាក់ ក្នុងនោះស្រី ១៤នាក់ មានសញ្ជាតិវៀតណាម និងម្នាក់ជាជនអន្តោប្រវេសន៍។ «ពួកគេសុទ្ធជាបុគ្គលិកចូលរួមក្នុងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់គណនី Telegram, Facebook និងវេបសាយក្លែងក្លាយ ដូចជា Billmmo.net ។»។
ជាមួយគ្នានេះ កម្លាំងជំនាញក៏ដកហូតវត្ថុតាងបានមួយចំនួនផងដែរ។ លិខិតឆ្លងដែន១៣ក្បាល, កុំព្យូទ័រ ១៦គ្រឿង, ទូរស័ព្ទដៃ ១៦គ្រឿង និងម៉ូតូ២គ្រឿង។ បើតាមប្រភពដដែល បច្ចុប្បន្នសមត្ថកិច្ចសម្រេចឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម DOAN TRAN NGOC LINH ជាប្រធានក្រុម ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ និងឃាត់ខ្លួនបុរសជនជាតិវៀតណាម NGUYEN THE SU ជាប្រធានក្រុម ដើម្បីបន្តនីតិវិធីជាផ្លូវការ។
កម្លាំងជំនាញ ក៏កំពុងស្នើសុំកិច្ចសហការទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តចំពោះជនបរទេសស្នាក់នៅខុសច្បាប់ចំនួន៣៩នាក់ទៀត។ ដោយឡែក ទីតាំងទាំង២កន្លែងនៃការប្រព្រឹត្តិបទល្មើសនោះ គឺត្រូវបានបិទជាបណ្តោះអាសន្ន។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអះអាងថាខិតខំបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ជុំវិញយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យានេះដែរ កាលពីថ្ងៃទី១៤-១៥ ខែកក្កដា កម្លាំងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនមនុស្សបានជាង១៥០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ ២កន្លែងផ្សេងគ្នា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងចំណោមជនសង្ស័យទាំងនោះ គឺមានទាំងជនជាតិវៀតណាម ចិន និងជនជាតិខ្មែរ។ ប្រតិបត្តិការនេះដឹកនាំលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។
នៅថ្ងៃទី១៤ ខែកក្កដា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជា ឱ្យអភិបាលរាជធានី-ខេត្ត រួមទាំងស្នងការនគរបាលរាជធានី-ខេត្ត ត្រូវបោសសម្អាតទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ឱ្យអស់ ពីក្នុងភូមិសាស្ត្រ និងដែនសមត្ថកិច្ចរបស់ខ្លួន។ សម្តេចចេញបទបញ្ជាបែបនេះ គឺដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ចំពោះយអភិបាលរាជធានី-ខេត្ត រួមទាំងស្នងការនគរបាលរាជធានី-ខេត្ត ក្រសួង ស្ថាប័ន និងកម្លាំងពាក់ព័ន្ធណា ដែលមិនអនុវត្តបទបញ្ជា ឬមិនសហការ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា នឹងក្លាយជាកម្មវត្ថុ នៃការវាយតម្លៃ ក្នុងការតែងតាំង ផ្លាស់ប្តូរ ឬដកហូតមុខតំណែត៕