ប្រតិបត្តិការបង្រ្កាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឃាត់ខ្លួនមនុស្សស្រីប្រុសជនជាតិវៀតណាមចំនួន ៦៣នាក់

(ខេត្តព្រះសីហនុ)៖ មនុស្សស្រីប្រុសជនជាតិវៀតណាមចំនួន៦៣នាក់ ត្រូវបានឃាត់ខ្លួនដោយសង្ស័យជាប់ពាក់ព័ន្ធករណីលួចប្រព្រឹត្តអំពើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២ទីតាំងចំនួន៤កន្លែង ក្នុងខេត្តព្រះស៊ីហនុ។

សូមជម្រាបថាៈ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាល នៃគណៈអភិបាលរងខេត្ត ចុះ សហការជាមួយកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ចុះធ្វើការប្រតិបត្តិបង្ក្រាបទីតាំងដែលសង្ស័យចំនួន៤កន្លែងផ្សេងគ្នា និងបានសង្ស័យថាៈ កំពង់ធ្វើសកម្មភាពលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ក្នុងនោះមាន

១/ទីតាំងទី១ សណ្ឋាគារ សៃ ណា យ៉ាង គ័ង អ៉ិនធើណេសិនណល ហូថេល ឯ.ក (SAI NA YANG GUANG INTERNATIONAL HOTEL CO.,LTD) ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ម្ចាស់អាជីវកម្មឈ្មោះ LI JUN ជនជាតិចិន មានអាជ្ញាបណ្ណទេសចរណ៍ លេខ៤៣៣/២៤អប.សក ក.ទ.ច មានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
២/ទីតាំងទី២ នៅផ្ទះល្វែងជួលស្នាក់នៅមួយកន្លែង (បុរីBS អូរ១) មានទីតាំងស្ថិតនៅក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន០៦បន្ទប់ ។
៣/ទីតាំងទី៣ នៅផ្ទះ២ល្វែងជួលស្នាក់នៅ (បុរីKLអូរប្រាំ) មានកម្ពស់ ០៥ជាន់ សរុបមានចំនួន ១៧បន្ទប់ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
៤/ទីតាំងទី៤ នៅផ្ទះវីឡាជួលស្នាក់នៅមួយកន្លែង (អូរ៥) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន០៥បន្ទប់។

សូមបញ្ជាក់ថាៈក្នុងប្រតិបត្តិការបង្រ្កាបទាំងនេះ ក្រុមសមត្ថកិច្ចបានរឹបអូសសម្ភារៈជាវត្ថុតាងដើម្បីរក្សាទុក រួមមាន លិខិតឆ្លងដែនសរុប ចំនួន៣៤ក្បាល កំព្យូទ័រចំនួន ៥៤គ្រឿង និងLaptop ចំនួន១គ្រឿង ស្គ្រីនម៉ូនីទ័រ ចំនួន០៣គ្រឿង ទូរទស្សន៍ចំនួន ០១គ្រឿង កាំមេរ៉ាចំនួន០៤គ្រឿង ទូរសព្ទចំនួន៥៨គ្រឿង រថយន្តចំនួន០៣គ្រឿង ម៉ូតូ ចំនួន០២គ្រឿង ម៉ាស៊ីនព្រីន ០១គ្រឿង ឧបករណ៍បំភ្លឺចំនួន០២គ្រឿង ម៉ាស៊ីនជំនួយភ្លេង ០១គ្រឿង ម៉ាស៊ីនជំនួយសំឡេង(MIC) ចំនួន០២គ្រឿង ម៉ៃស្រូបសម្លេងចំនួន ០១ប្រអប់ ឧបករណ៍បង្វិលគ្រាប់ប៉េងប៉ុងផ្សងសំណាងចំនួន០២ Ipad ០១គ្រឿង ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនមួយកញ្ចប់ មានចំនួន ២៨គ្រាប់ ព្រមទាំងសម្ភារៈមួយចំនួនផ្សេងទៀត។ បច្ចុប្បន្ននេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងសម្ភារៈវត្ថុតាងទាំងអស់ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង