វៀតណាមបំពាក់កាមេរ៉ា AI ចាប់អ្នកបើកបរបំពានច្បាប់ចរាចរណ៍
ហាណូយ ៖ ប្រទេសវៀតណាមកំពុងដាក់ពង្រាយកាមេរ៉ាឃ្លាំមើល ដែលដំណើរការដោយបញ្ញាសិប្បនិមិត្ត (AI) ដើម្បីតាមប្រមាញ់អ្នកបើកបរបំពានច្បាប់ចរាចរណ៍ដោយស្វ័យប្រវត្តិ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានប៉ូលីសចរាចរណ៍ ស្ថិតក្រោមក្រសួងសន្តិសុខសាធារណៈ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍នៅថ្ងៃទី១៧ ខែកក្កដាថា ការដាក់ពង្រាយកាមេរ៉ា AI នេះ ត្រូវបានរំពឹងថា នឹងកាត់បន្ថយចំនួនមន្ត្រីនគរបាលចរាចរណ៍ ដែលដើរល្បាតនៅតាមដងផ្លូវ។
នាយករងនៃនាយកដ្ឋានប៉ូលីសចរាចរណ៍ លោក Pham Quang Huy និយាយថា កាមេរ៉ាបំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពចាប់យក និងទាញយករូបភាព និងវីដេអូឃ្លីបនៃការបំពានច្បាប់ចរាចរណ៍ដោយស្វ័យប្រវត្តិ រួមទាំងព័ត៌មានលម្អិតមានដូចជាទីតាំង ពេលវេលា និងបទល្មើសជាក់ស្តែងដែលបានប្រព្រឹត្ត។
លោកបាននិយាយថា បច្ចុប្បន្នប្រព័ន្ធ AI មានសមត្ថភាពទទួលស្គាល់ការបំពានច្បាប់ចរាចរណ៍ប្រហែល 20 ប្រភេទ ដែលពាក់ព័ន្ធទាំងរថយន្ត និងម៉ូតូ ដោយមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីពង្រីកសមត្ថភាពចាប់សញ្ញារបស់វា។