ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងការពារច្រាំងទន្លេបាសាក់ប្រវែង ៥០០ម៉ែត្រ ក្នុងក្រុងសំពៅពូន ដែលសម្រេចបានប្រមាណ ៣៥%
(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរមូលដ្ឋានក្រុងសំពៅពូន បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារគម្រោងការពារច្រាំងទន្លេបាសាក់ប្រវែង ៥០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។
សូមជម្រាបថាៈ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមអនុវត្តគម្រោងការពារច្រាំងទន្លេបាសាក់ ប្រវែង ៥០០ម៉ែត្រនេះកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ គឺបន្តពីច្រាំងទន្លេដែលបានសាងសង់រួចប្រវែង ១២០០ម៉ែត្រ ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូននេះដើម្បីការពារការបាក់ស្រុតច្រាំងទន្លេបាសាក់ និងការពារទ្រព្យសម្បត្តិ ជាតិនិងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសាបាក់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានណែនាំបន្ថែមដល់ក្រុមការងារសាងសង់ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើគុណភាព សោភ័ណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងបន្តនូវកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអាចសម្រេចកិច្ចការការពារច្រាំងទន្លេបាសាក់នេះតាមផែនការដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ការប្រែប្រួលនៃចរន្តទឹក និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់។ នៅអំឡុងខែសីហា ឆ្នាំ២០១៩ ច្រាំងទន្លេបាសាក់នៅបរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១)ត្រូវបានចរន្តទឹកហូរច្រោះបណ្តាលឱ្យបាក់ស្រុតខ្លាំង។ ក្នុងគោលបំណង ដើម្បីការពារបង្គោលព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការឯកភាពពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអនុវត្ដវិធានការបន្ទាន់ដោះស្រាយបញ្ហាទៅតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា ដើម្បីការពារច្រាំងទន្លេ ដោយធ្វើការសាងសង់ច្រាំងទន្លេជាសំណង់បេតុងអាមេ ប្រវែង១២០០ម៉ែត្រ ហើយបានបញ្ចប់ការងារដោយជោគជ័យកាលពីខែកក្កដា ឆ្នាំ២០២៤។