ចិន បង្ហាញក្តីបារម្ភលើជម្លោះព្រំដែន កម្ពុជា-ថៃ
នកនាំពាក្យក្រសួងក្រសួងការបរទេសចិន នៅថ្ងៃទី២៤ ខែកក្កដា បានបង្ហាញពីក្តីបារម្ភលើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ត្រង់ចំណុចនេះ ក្រុងប៉េកាំង បានអំពាវនាវឱ្យភាគីជម្លោះ ដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងការពិភាក្សា។
ទាហានថៃ នៅថ្ងៃទី២៤ ខែកក្កដា បានបើកការវាយប្រហារមកលើកម្ពុជា ដែលតម្រូវឱ្យឆ្លើយតប ក្នុងលក្ខខណ្ឌការពារខ្លួន។ ជុំវិញការផ្ទុះអាវុធរវាងកម្ពុជា និងថៃនេះ ចិន បានបង្ហាញពីក្តីបារម្ភ និងអំពាវនាវឱ្យចូលតុចរចា។
តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៤ ខែកក្កដា លោក Guo Jiaku អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ចិន មានក្តីបារម្ភយ៉ាងខ្លាំង ចំពោះការវិវត្តតាមព្រំដែនកម្ពុជា និងថៃ។
លោក Guo បានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរ នឹងដោះស្រាយជម្លោះតាមរយៈការសន្ទនា និងកិច្ចចរចា។ រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជាក់ជាថ្មី ពីតួនាទីរបស់ខ្លួនប្រកបដោយការស្ថាបនា ដើម្បីដោះស្រាយជម្លោះរវាងប្រទេសទាំងពីរផងដែរ។
ក្រោយថៃ បានបើកការវាយប្រហារមកលើកម្ពុជានេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ ដើម្បីរិះគន់ និងបញ្ឈប់ការឈ្លានពានរបស់ថៃ៕