ជម្លោះកម្ពុជា-ថៃ៖ អ្នកជាប់ឃុំជាង១ពាន់នាក់នៅពន្ធនាគារខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរទៅសៀមរាប

ភ្នំពេញ៖ សមត្ថកិច្ចបានផ្ទេរអ្នកជាប់ឃុំទាំងអស់ចំនួន១១១៤នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ទៅពន្ធនាគារខេត្តសៀមរាបវិញ នាថ្ងៃទី២៨ ខែកក្កដានេះ។ ការផ្ទេរនេះ ក៏ព្រោះតំបន់ខេត្តឧត្តរមានជ័យ ស្ថិតក្នុងហានិភ័យខ្ពស់ ខណៈការប៉ះទង្គិចរវាងកម្ពុជា-ថៃ កាន់តែរីករាលដាលធ្ងន់ធ្ងរ។

«មូលហេតុនៃការផ្ទេរជមជាប់ឃុំទាំងនេះ ដោយសារស្ថានភាពតានតឹងនៃជម្លោះព្រំដែន ដែលកើតមានឡើង ពិសេសកើតមានក្នុងទីក្រុងសំរោង ខេត្តឧត្តរមានជ័យ»។ លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ អះអាងប្រាប់បែបនេះ នាថ្ងៃទី២៨ ខែកក្កដា ដែលការណ៍នេះ ធ្វើឡើងតាមគោលការណ៍ឯកភាពរបស់ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់ជនជាប់ឃុំ។

កិច្ចការផ្ទេរនេះ មានការយកចិត្តទុកដាក់ និងខ្វាយខ្វល់ពីអគ្គនាយកដ្ឋានពន្ធនាគារ មន្ត្រីពន្ធនាគារនៃខេត្តទាំងពីរ រួមទាំងអ្នកជាប់ឃុំផងដែរ។ ព្រោះពួកគេ យល់ថាភាគីថៃ នៅតែបន្តបាញ់គ្រាប់ប្លោងចូលទីប្រជុំជន នៃខេត្តឧត្តរមានជ័យ។ នេះបើតាមអ្នកនាំពាក្យពន្ធនាគារ។

ប្រត្តិបត្តិការផ្ទេរអ្នកជាប់ឃុំខាងលើ បានប្រើប្រាស់កម្លាំងអាជ្ញាធរសរុប១១៥នាក់ និងរថយន្តដឹកជញ្ជូនចំនួន២៥គ្រឿង។ អ្នកជាប់ឃុំជាង១ពាន់នាក់ ដែលផ្ទេរចេញ គឺស្ថិតក្រោមការគ្រប់គ្រងបណ្ដោះអាសន្ន របស់ពន្ធនាគារខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង