សាច់ញាតិបង្កើតមួយរូបរបស់យោធិន និងនគរបាលជាតិដែលពលី ឬពិការភាព នឹងទទួលបានក្របខណ្ឌ
ភ្នំពេញ៖ សាច់ញាតិបង្កើតមួយរូបរបស់យោធិន និងនគរបាលជាតិ ដែលបានពលី ឬពិការភាព ក្នុងសមរភូមិ ប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នឹងទទួលបានក្របខណ្ឌបន្តវេន។ នេះជាការគិតគូររបស់ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន ម៉ាណែត តបស្នងនឹងការខិតខំប្រឹងប្រែង បូជាជីវិតការពារជាតិមាតុភូមិរបស់ «វីរៈកងទ័ព»។
នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលយប់ថ្ងៃទី ២៩ ខែកក្កដា សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស និងពិការ។ រីឯ ពលរដ្ឋរាប់ម៉ឺនគ្រួសារ បានក្លាយជាជនភៀសសឹក មិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។
ចំពោះមុខ រដ្ឋាភិបាល បានរៀបចំ និងអនុវត្តនូវកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស ពិការ។ លើសពីនេះ សម្រាប់ យោធិន និងកងនគរបាលជាតិ ដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រដ្ឋាភិបាលនឹងផ្ដល់ក្របខណ្ឌឱ្យសាច់ញាតិបង្កើតរបស់គាត់មួយរូបបានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលី ឬធ្លាក់ខ្លួនពិការ។
ទន្ទឹមនេះ សម្ដេច ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធ ទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។
ក្រៅពីយោធិន និងនគរបាល រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់ពលរដ្ឋដែលជាជនភៀសសឹកផងដែរ។ ដើម្បីចលនាការចូលរួមបន្ថែម សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ៕