ទាហានថៃចាប់ទាហានកម្ពុជា២០នាក់ជាចំណាប់ខ្មាំង ក្រោយបទឈប់បាញ់ចូលជាធរមាន ទាហានខ្មែរ២ នាក់អាចស្លាប់
(ព្រះវិហារ)៖ មេទ័ពជាន់ខ្ពស់កម្ពុជាមួយរូប បានប្រាប់អនុព័ន្ធយោធា និងមន្រ្តីទូតនានា ថាទាហានថៃ បានចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ ធ្វើជាចំណាប់ខ្មាំង ក្រោយពីបទឈប់បាញ់ចូលជាធរមាន។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានលើកឡើងយ៉ាងដូច្នេះ ក្នុងឪកាសអញ្ជើញអនុព័ន្ធយោធា និងមន្ត្រីទូត មកពីប្រទេសចំនួន ១៣ ដើម្បីចុះពិនិត្យការអនុវត្តបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅតាមតំបន់ព្រំដែន នៅថ្ងៃពុធ ទី ៣០ ខែកក្កដា នេះ។
មន្ត្រីខ្ពស់យោធាដដែល បញ្ជាក់ថា នាវេលាម៉ោង៥ និង១៨នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា កងទ័ពថៃបានប្រើរថគ្រោះមួយគ្រឿង ជាមួយកម្លាំងថ្មើរជើងចំនួន៣០នាក់បាញ់សំដៅលើកងកម្លាំងកម្ពុជានៅបុស្បូវជាំតែចំនួន២គ្រាប់ ប៉ុន្តែកងកម្លាំងកម្ពុជាមិនបានបាញ់តបតទៅភាគីថៃនោះទេតាមបទបញ្ជារបស់ថា្នក់ដឹកនាំ ដោយកងកម្លាំងបានចូលទៅលេណដ្ឋានដើម្បីធ្វើការលាក់ខ្លួនការពារសុវត្ថិភាព។
នៅពេលនោះ កងកម្លាំងថៃ បានបាញ់មកលើកម្ពុជាបន្ថែមទៀត និងបានដណ្តើមយកលេណដ្ឋានរបស់កងទ័ព កម្ពុជាប្រមាណ៤០ម៉ែត្រ ហើយបានប្រើល្បិចបក់ដៃហៅកងទ័ពកម្ពុជាឱ្យទៅចចារគ្នា។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បន្ថែមថា កងទ័ពកម្ពុជាប្រមាណ៦នាក់ បានចូលទៅជិតកងកម្លាំងថៃដោយបានចាប់ដៃស្វាមគមន៍គ្នា និងថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍។ ប៉ុន្តែក្នុងអំឡុងភាគីទាំងពីរកំពុងឈរថតរូបជុំគ្នា ស្រាប់តែកងទ័ពថៃដែលលាក់ខ្លួននៅពីក្រោយស្ទុះមកលើកកាំភ្លើងភ្ជង់ ហើយចាប់កងទ័ពកម្ពុជាជិត២០នាក់។
ឯកឧត្តម បញ្ជាក់ថា កងទ័ពកម្ពុជាម្នាក់បាត់រត់រួច ប៉ុន្តែកងទ័ពកម្ពុជាពីរនាក់អាចនឹងត្រូវបាញ់សម្លាប់។ហើយរហូតមកទល់រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ៕