លោក ស៊ុន ចាន់ថុល ៖ អាម៉េរិកអាចនឹងនាំប្រេងឥន្ធនៈមកកម្ពុជា នៅពេលពន្ធនាំចូលធ្លាក់ដល់សូន្យ
ក្រោយកម្ពុជាប្រកាសបិទការនាំចូលប្រេងឥន្ធនៈពីថៃទាំងស្រុង អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានប្រាប់អាម៉េរិកឱ្យពិចារណាលើការនាំចេញប្រេងមកកម្ពុជា។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល បន្ទាប់អាម៉េរិកសម្រេចទម្លាក់ពន្ធបដិការលើកម្ពុជាត្រឹម១៩ភាគរយ ខណៈកម្ពុជាប្រកាសទម្លាក់បន្ទាត់ពន្ធមកអត្រាសូន្យភាគរយ លើទំនិញជាច្រើនរួមទាំងប្រេងឥន្ធនៈផងដែរ។
ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសជុំវិញប្រាសាទព្រះវិហារ ធ្លាប់បានបង្កឱ្យមានភាពតានតឹងម្តងហើយម្តងទៀត ដែលបានជះឥទ្ធិពលទៅលើផ្នែកជាច្រើន រួមទាំងវិស័យប្រេងឥន្ធនៈផងដែរ។ នៅឆ្នាំ ២០២៤ កម្ពុជានាំចូលប្រេងឥន្ធនៈពីប្រទេសជិតខាងមានដូចជា ថៃ ២៩ភាគរយ, វៀតណាម ២៩ភាគរយ, សិង្ហបុរី ១៣ភាគរយ , ឥណ្ឌូណេស៊ី ១១ភាគរយ និងប្រទេសផ្សេងៗ ១៨ភាគរយ។ នេះបើតាមស្ថិតិពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
នៅពេលមានភាពតានតឹងកាន់តែកើនឡើង កម្ពុជាបានសម្រេចផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ។ ការសម្រេចចិត្តនេះគឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពព្រំដែន និងជាការបង្ហាញពីឯករាជ្យភាពរបស់កម្ពុជា។ ថ្វីត្បិតតែថៃជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ប៉ុន្តែកម្ពុជាបានបញ្ជាក់ថាខ្លួនមានប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈផ្សេងទៀតពីប្រទេសនានាដូចជា ចិន សិង្ហបុរី និងវៀតណាម ជាដើម។
ដើម្បីធានាបាននូវសន្តិសុខថាមពល កម្ពុជានឹងត្រូវពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីប្រទេសថៃ។ នេះអាចជាឱកាសសម្រាប់កម្ពុជាក្នុងការស្វែងរកទីផ្សារ និងប្រភពប្រេងឥន្ធនៈថ្មីៗ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងអាម៉េរិក លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា អាម៉េរិកដែលជាទីផ្សារប្រេងដ៏ធំលើពិភពលោក អាចពិចារណានាំចេញប្រេងមកលក់នៅកម្ពុជា នៅពេលប្រទេសនេះទម្លាក់អត្រាពន្ធចូលសូន្យ ក្នុងនោះក៏មានប្រេងឥន្ធនៈផងដែរ។
«តើការដឹកប្រេងមកលក់នៅកម្ពុជាអាចប្រកួតប្រជែងជាមួយប្រេងចេញពីសិង្ហបុរី ឬវៀតណាមជារឿងរបស់គាត់ (អាម៉េរិក) យើងមិនហាមទេ ។ ប៉ុន្តែពេលនេះ អត្រារបស់គាត់គឺសូន្យ ដូច្នេះគាត់អាចពិនិត្យពិចារណា តើតម្លៃហ្នឹងអាចប្រកួតប្រជែងបានទេ?»។ លោក ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗបែបនេះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃទី១ ខែសីហា។
នៅឆ្នាំ២០២៤ កម្ពុជាបាននាំចូលប្រេងឥន្ធនៈពីថៃសរុបមានតម្លៃ ៤៧,៩៩ ពាន់លានបាត (ប្រមាណ ១,៣៦ ពាន់លានដុល្លារ)។ ទំហំនេះ គឺស្មើនឹង ២១,១ភាគរយនៃការនាំចេញប្រេងសរុបរបស់ថៃ ដែលធ្វើឱ្យកម្ពុជាជាទីផ្សារនាំចេញប្រេងធំទីពីររបស់ថៃ បន្ទាប់ពីសិង្ហបុរី។ នេះបើតាមទិន្នន័យពីក្រសួងថាមពលថៃ ដកស្រង់ដោយសារព័ត៌មាន Nation Thailand។
យោងតាមកាសែត Bangkok Post ចុះផ្សាយថ្ងៃទី២៣ មិថុនា ក្រុមហ៊ុនប្រេងឥន្ធនៈថៃ PTT និងក្រុមហ៊ុនលក់រាយ OR បានប្រកាសបន្តអាជីវកម្មនៅកម្ពុជា ទោះបីមានជម្លោះរវាងថៃនិងកម្ពុជាក៏ដោយ។ ក្រុមហ៊ុន OR បានដំណើរការស្ថានីយ៍ប្រេង PTT ១៨៦កន្លែង និងហាងកាហ្វេCafé Amazon ២៥៤កន្លែងនៅកម្ពុជា។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន OR ការបិទការនាំចូលប្រេងពីថៃ មិនប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុនទេ ព្រោះនៅថៃមានស្ថានីយ៍ប្រេង ២០០០កន្លែង។
យ៉ាងណាក៏ដោយ បន្ទាប់ពីជម្លោះវិវាទព្រំដែនរវាងកម្ពុជា និងថៃកាន់តែខ្លាំងឡើង គេសង្កេតឃើញប្រជាជនកម្ពុជាភាគច្រើនប្រកាសធ្វើពហិការមិនប្រើផលិតផលថៃ ជាពិសេសប្រេង កាហ្វ និងមីជាដើម៕