សម្តេច ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបណ្តេញលោកស្រី ធី សុវណ្ណថា ពីក្របខ័ណ្ឌទាំងអស់

នាព្រឹកថ្ងៃទី៣ ខែសីហានេះ ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានប្រាប់ទៅលោកឧបនាយករដ្ឋមន្ត្រី  ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។ លើសពីនេះ សម្តេច ក៏បានប្រាប់លោក គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឱ្យបណ្តេញលោកស្រី ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា ផងដែរ។

ការសម្រេចរបស់ប្រធានព្រឹទ្ធសភានាពេលនេះ គឺបន្ទាប់ពីសង្កេតឃើញ ធី សុវណ្ណថា តែងតែបង្ហោះសារតាមហ្វេសប៊ុកមានចរិតមិនសមស្រប។ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពក្នុងពេលកំពុងការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ។

សម្តេច ហ៊ុន សែន បានសរសេររៀបរាប់នៅលើបណ្តាញសង្គមផ្លូវការនាថ្ងៃទី៣ ខែសីហា យ៉ាងដូច្នេះថា ៖ «  យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប។ ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ២កាលពីប៉ុន្មានថ្ងៃមុន។ ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី»៕

អត្ថបទដែលជាប់ទាក់ទង