សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ដល់វីរកងទ័ពជួរមុខ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរៀបចំពិធីដុតធូបនៅព្រះអង្គដងកើ បួងសួងសុំសេចក្តីសុខ សេចក្ដីចម្រើន ជូនវីរកងទ័ព អង់អាចក្លាហាន នៅសមរភូមិមុខមានសុខសុវត្ថិភាព និងជោគជ័យក្នុងការការពារទឹកដី ខណៈកងទ័ពសៀមកំពុងតែឈ្លានពាន។
ក្នុងពិធីបួងសួងនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុជធូបថ្វាយគ្រឿងសក្ការៈ នៅព្រះអង្គដងកើ ព្រះគម្លង់ លោកយាយពេញ នៅវត្តភ្នំដូនពេញ រាជធានីភ្នំពេញ បួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនពលរដ្ឋកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតា ថែរក្សា ព្រះស្វេតឆ័ត្រទេវតាថែរក្សាចក្រវាល ទាំងទេវតា ឆ្នាំម្សាញ់តាមជួយអភិបាល ប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់សម្តេចទ្រង់ ឯកឧត្តម អស់លោក លោកស្រី អ្នកនាង កញ្ញា និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានសមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខ ចៀសផុតពីជំងឺឧបទ្រពចង្រៃ ចៀសផុត ពីគ្រោះធម្មជាតិផ្សេងៗ មានទេសចរចូលមកទស្សនាកម្ពុជាកាន់តែច្រើន សូមឱ្យកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងការការពារបូរណភាពទឹកដី សូមឱ្យសម្រេចរាល់បំណងប្រាថ្នាទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៅទៀត៕