ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបោះជំហានលើការងារចុះបញ្ជីបង្ហើយ ឈានទៅចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ និងឈានទៅរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីបង្ហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ គឺបានឈានមកដល់ចំណុចមួយដែលត្រូវចែកបណ្ណកម្មសិទ្ធិដីធ្លីបង្ហើយ ហើយនឹងឈានទៅរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីបង្ហើយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ថ្លែងនៅក្នុងកិច្ចប្រជុំការងាររបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត និងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់បន្ថែមថា នេះគឺជារបត់មួយក្រោយរយៈពេល៤០ឆ្នាំ ដែលយើងបានចាប់ផ្ដើមចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុលើកទីមួយនាឆ្នាំ១៩៨៩ រហូតដល់ឆ្នាំ២០២៩ យើងនឹងប្រារព្ធខួបលើកទី៤០ ជាប្រវត្តិសាស្ត្រនៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា អ្វីដែលយើងបានធ្វើនេះ គឺក្នុងស្ថានភាពមួយដែលប្រទេសជាតិកំពុងប្រឈមនឹងការលំបាក ដែលយើងបានងើបចេញផុតពីសង្គ្រាមដោយបានរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយដោយឡែកក្នុងរយៈពេល២ឆ្នាំដំបូង នៃអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីបង្ហើយឲ្យបានចប់សព្វគ្រប់ ដោះស្រាយបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស និងបង្កើតបរិយាកាសគ្មានវិវាទជូនប្រជាពលរដ្ឋ បើទោះជាមានការប្រឈមនឹងស្ថានភាពនៃការឈ្លានពាន ពីកងទ័ពថៃមកលើកម្ពុជាតាមបណ្ដោយព្រំដែនយ៉ាងណាក្តី ។ លទ្ធផលនៃការចុះបញ្ជីដីធ្លីបង្ហើយនេះ គឺជាមោទនភាពសម្រាប់យើងទាំងអស់គ្នា មិនមែនសម្រាប់តែក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នោះឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បញ្ជាក់ថា ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាវិធានមួយក្នុងការបង្កើតបរិយាកាសគ្មានវិវាទ ដោយប្រើយុទ្ធសាស្ត្រនៃការសំអាត កែតម្រូវ និងកែសម្រួល រួមនិងយុទ្ធសាស្ត្រផ្សេងៗជាច្រើនទៀត ។ ដោយឡែកចំពោះប្លង់គោលនៃការប្រើប្រាស់ដី នឹងត្រូវប្រគល់ជូនអាជ្ញាធរខេត្ត, ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការរៀបចំទីក្រុង ទីប្រជុំជនអោយបានល្អ, មានលំហរសាធារណៈនិងមានសណ្តាប់ធ្នាប់របៀបរៀបរយត្រឹមត្រូវ សំដៅបង្កើនគុណភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ, ដោយប្រែក្លាយទីក្រុង និងទីប្រជុំជននៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស ឲ្យទៅជាបុរីជនបទ និងជាភូមិឋានក្សេមក្សាន្ត ឆ្លើយតបទៅនឹងគោលបំណងរបស់ប្រមុខរាជរដ្ឋាភិបាល ។
តាមរបាយការណ៍របស់ ឯកឧត្តម ទេព ធន និង ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអោយដឹងថា គណៈកម្មការសុរិយោដីបានបង្កើតឡើងរយៈពេល២៣ឆ្នាំមកហើយ ។ លទ្ធផលដែលសម្រេចបានត្រូវបានបែងចែកជាពីរ គឺលទ្ធផលទី១ សម្រេចបានតាមរយៈយន្តការសុរិយោដី, និងលទ្ធផលទី២ សម្រេចបានតាមយន្តការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី, យន្តការគណៈកម្មការសុរិយោដី និងតាមយន្តការក្រុមការងារប្រតិបត្តិ ។ តាមយន្តការគណៈកម្មការសុរិយោដីថ្នាក់ជាតិយើងទទួលបានពាក្យបណ្ដឹង២៣៥ករណី ក្នុងនោះយើងសម្របសម្រួលបញ្ចប់បាន៤០ករណី, បានសវនការចំនួន៩៦ករណី ដែលក្នុងចំនួននេះមានការប្ដឹងជំទាស់៣៨ករណី ស្មើនឹង៣៩% និងច្រានចោល ៧៣ករណី ដែលមិនមានមូលហេតុត្រឹមត្រូវ, មានការសុំដកពាក្យប្ដឹង ២៤ករណី, និងកំពុងដោះស្រាយ ២ករណីនៅថ្នាក់ជាតិ ។
តាមរយៈលទ្ធផល នៃការដោះស្រាយខាងលើ ជាពិសេសតាមយន្តការគណៈកម្មការសុរិយោដី យើងអាចសន្និដ្ឋានបានថា ពុំមានវិវាទដែលនៅសេសសល់កើតចេញពីវិវាទអំពីការញុះញង់នយោបាយនោះឡើយ ។ ការដោះស្រាយតាមប្រព័ន្ធសម្របសម្រួល គឺជាកត្តាចាំបាច់នឹងត្រូវបន្តធ្វើទៀត ព្រោះជាយន្តការដ៏ល្អដែលមិនមានការប្ដឹងជំទាស់ពីភាគីទាំងសងខាងឡើយ ។ ចំពោះវិវាទដីធ្លីនានាកាលពីឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន គឺមានការថយចុះគួរឱ្យកត់សម្គាល់ ពី ៣៥៤៩ករណី មកនៅសល់ត្រឹម ៣៨៥ករណីប៉ុណ្ណោះ ។ ដោយឡែកចំពោះការវាស់វែងដីធ្លីវិញ បច្ចុប្បន្ន គឺមានខេត្តចំនួន៨ ត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីជាផ្លូវការ ក្នុងនោះមានខេត្តកំពង់ចាម,ស្វាយរៀង, សៀមរាប, កំពង់ស្ពឺ,ខេត្តព្រះសីហនុ, កំពង់ឆ្នាំង, ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តដទៃផ្សេងទៀត ក៏នឹងបញ្ចប់ការវាស់វែងដីធ្លីនៅពេលឆាប់ៗខាងមុខនេះផងដែរ ។ នៅទូទាំងប្រទេសមានក្បាលដីសរុបជាង ១៣លានក្បាលដី ហើយបច្ចុប្បន្នមានក្បាលដីដែលនៅសេសសល់ត្រឹមតែជាង ១១ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលមិនទាន់វាស់វែងរួច ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ នឹងធ្វើសេចក្តីរាយការណ៍ជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អំពីលទ្ធផលការងារ ដែលសម្រេចបាន និងបញ្ហាដែលនៅសេសសល់មួយចំនួនទៀត ៕