ម៉ាឡេស៊ីនឹងបញ្ជូនក្រុមសង្កេតការណ៍អាស៊ានទៅកាន់តំបន់ជម្លោះព្រំដែនថៃ-កម្ពុជា

យោងតាមបណ្តាញសារព័ត៌មាន Bernama របស់ប្រទេសម៉ាឡេស៊ី ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បាននិយាយថា គាត់បានស្នើនាយករដ្ឋមន្ត្រី Anwar Ibrahim ទាក់ទងជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យក្រុមសង្កេតការណ៍ម៉ាឡេស៊ីចូលទៅកាន់តំបន់ជម្លោះនៅក្នុងប្រទេសទាំងពីរ អមជាមួយនឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ឯកឧត្តមឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បានមានប្រសាសន៍ថា “នេះជាកិច្ចការដ៏ធំមួយ ដោយសារតែគេត្រូវឃ្លាំមើលព្រំដែនប្រហែល ៨៤០គីឡូម៉ែត្រ។ សម្រាប់កិច្ចការនេះ យើងកំពុងទទួលបានការគាំទ្រផ្នែកឡូជីស្ទីកពីសហរដ្ឋអាមេរិក”។

ឯកឧត្តមបន្តថា “នៅក្រោយសម្រេចបានកិច្ចប្រជុំ GBC ភាគីពាក់ព័ន្ធបានយល់ស្របគ្នាបង្កើតក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) រួមមានអនុព័ន្ធយោធាមកពីបណ្តាប្រទេសអាស៊ាន។
ឯកឧត្តមបន្តថា ក្រុមសង្កេតការណ៍នោះ ដឹកនាំដោយទីប្រឹក្សាយោធារបស់ម៉ាឡេស៊ីនៅទីក្រុងបាងកក និងភ្នំពេញ។ ជំហានដំបូងសម្រាប់ក្រុមអ្នកសង្កេតការណ៍នេះ គឺនឹងធ្វើសន្និសីទកាសែតខ្លីមួយនៅទីក្រុងបាងកកទៅកាន់មន្ត្រីជាន់ខ្ពស់ចំនួន៧៥ នាក់មកពីប្រទេសថៃ ស្តីពីវិធានការដែលត្រូវធ្វើ។ កិច្ចការនេះនឹងធ្វើដូចគ្នានៅទីក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ និងនៅថ្ងៃបន្ទាប់ នៅមុនពួកគេចុះទៅតំបន់ជម្លោះ”។

ឯកឧត្តមឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar បានគូសបញ្ជាក់ថាអាណត្តិចម្បងរបស់ IOT គឺធានាថា បទឈប់បាញ់ត្រូវប្រកាន់ខ្ជាប់ និងស៊ើបអង្កេតលើរបាយការណ៍នៃការរំលោភបំពានបទឈប់បាញ់ពីភាគីទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង